ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ថា មហាអំណាចអឺរ៉ុបទាំងបី E3 ទំនងជានឹងដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើអ៊ីរ៉ង់ នៅចុងខែកញ្ញានេះ បន្ទាប់ពីកិច្ចចរចាចុងក្រោយរបស់ពួកគេជាមួយទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងរារាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវចាត់ទុកថាពុំមានភាពម៉ឺងម៉ាត់ និងវឌ្ឃនភាពគ្រប់គ្រាន់។

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលគេហៅថាមហាអំណាចអឺរ៉ុប E3 បានចាប់ផ្តើមដំណើរការរយៈពេល ៣០ថ្ងៃកាលពីចុងខែសីហា ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ ហើយ E3 ក៏បានកំណត់លក្ខខណ្ឌមួយចំនួនឱ្យអ៊ីរ៉ង់ ថាត្រូវតែជួបពិភាក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីក្នុងអំឡុងខែកញ្ញា ដើម្បីផ្អាក "យន្តការត្រឡប់ទៅស្ថានភាពដើម" នេះ។
នៅពេលត្រូវសាកសួរក្នុងបទសម្ភាសន៍មួយថាតើយន្តការដាក់ទណ្ឌកម្មជាថ្មីនេះអាចកើតឡើងឬអត់នោះ លោក Macron បាននិយាយថា៖ "ពិតមែនហើយគឺអាចនឹងបែបនោះមែន ពីព្រោះព័ត៌មានចុងក្រោយបានបង្ហាញថា ភាគីអ៊ីរ៉ង់មិនម៉ឺងម៉ាត់នោះទេ"។
ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ភាគីអ៊ីរ៉ង់បានដាក់បង្ហាញ "ផែនការសមហេតុផល និងអាចធ្វើទៅបានមួយទៅកាន់សមភាគី E3 និងសហភាពអឺរ៉ុប ដើម្បីបញ្ចៀសវិបត្តិដែលមិនចាំបាច់ និងអាចជៀសវាងបាន ក្នុងប៉ុន្មានថ្ងៃខាងមុខ"។ ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Araqchi បាននិយាយថា សំណើផែនការនេះ "ដោះស្រាយកង្វល់ពិតប្រាកដ" ហើយពណ៌នាថាមានអត្ថប្រយោជន៍ទៅវិញទៅមក ប៉ុន្តែមិនបានលម្អិតនោះទេ៕

