ជនជាតិអ៊ីស្រាអែលពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ជាអ្វីដែលយោធាអ៊ីស្រាអែលបានពិពណ៌នាថាជា «ការវាយប្រហារភេរវកម្ម» នៅច្រកឆ្លងកាត់ Allenby Crossing ជាច្រកទ្វាតែមួយគត់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនពីតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ទៅកាន់ប្រទេសហ្ស៊កដានី។

អង្គភាពសេវារថយន្តគិលានសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយថា បុរសទាំងពីរនាក់បានស្លាប់ដោយសាររបួសធ្ងន់ ខណៈអ្នកបាញ់ប្រហារក៏ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ ក្រោយមក យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់អ្នកវាយប្រហារនៅនឹងកន្លែងកើតហេតុ ដែលបានធ្វើដំណើរតាមរថយន្តដឹកជំនួយមនុស្សធម៌ពីប្រទេសហ្ស៊កដានី ហើយបានបើកការបាញ់ប្រហារ។
អ្នកនាំពាក្យរដ្ឋាភិបាលប្រទេសហ៊្សកដានី បាននិយាយថា អាជ្ញាធរកំពុងតាមដានជុំវិញឧប្បត្តិហេតុនេះ។

គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ។ ប្រទេសហ៊្សកដានី និយាយថា Allenby ដែលជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងប្រទេសហ្ស៊កដានី និងអ៊ីស្រាអែល ត្រូវបានបិទពីភាគីអ៊ីស្រាអែល។