សហរដ្ឋអាមេរិក៖ សេតវិមាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានប្រធានាធិបតីអ៊ុយក្រែនថា មានតម្រុយថាប្រទេសរុស្ស៊ីអាចចាត់វិធានការយោធាលើអ៊ុយក្រែននៅក្នុងខែកុម្ភៈខាងមុខនេះ ខណៈដែលសហរដ្ឋអាមេរិកបានព្យាយាមរៀបចំជំនួបដោយបើកចំហ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាពីវិបត្តិនេះ។

ដំណឹងនេះកើតមានឡើង ខណៈវិមានប្រធានាធិបតីក្រឹមឡាំងបានបង្ហាញគូសបញ្ជាក់ ពីស្ថានភាពកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ខ្លួនបានមើលឃើញសុទិដ្ឋិនិយមតិចតួចក្នុងការដោះស្រាយវិបត្តិ បន្ទាប់ពីសហរដ្ឋអាមេរិកបានទាត់ចោលជាថ្មីនូវការទាមទាររបស់រុស្ស៊ីនៅសប្ដាហ៍នេះ។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ទ្វារសម្រាប់ការសន្ទនានៅតែបើកដើម្បីឈានទៅរកការបញ្ចប់វិបត្តិនេះ ប៉ុន្តែលោក Biden បានចេញការព្រមានធ្ងន់ៗជាថ្មីម្ដងទៀត ស្របពេលក្ដីបារម្ភចេះតែកើនឡើងដែលថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងបើកភ្លើងខៀវឲ្យឈ្លានពានអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកស្រី Emily Horne បាននិយាយថា លោកប្រធានាធិបតី Biden បាននិយាយថា មានតម្រុយដែលថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ៕
អត្ថបទ៖ សុខមាន