កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបានដាក់ពង្រាយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារប្រមាណជិត ៨ពាន់នាក់ នៅតាមវត្តអារាម តាមផ្លូវសាធារណៈសំខាន់ៗ ទីរមណីយដ្ឋាននានាក្នុងខេត្ត កំពង់ចម្លងដទៃទៀត ដើម្បីធានាឱ្យបាននូវស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមទីវត្តអារាម រមណីយដ្ឋាននានា កំពង់ចម្លងដរទទឹងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង នៅតាមដងផ្លូវសំខាន់ៗក្នុងខេត្ត ត្រូវបានដាក់ពង្រាយកម្លាំង ដើម្បីធានាបាននូវស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវចរាចរណ៍កុំឱ្យកកស្ទះ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ជូនពលរដ្ឋ និងភ្ញៀវទេសចរមកលេងស្រុកកំណើត មកធ្វើបុណ្យ និងមកកម្សាន្តតាមទីរមណីយដ្ឋាននានា។ ក្នុងនោះមានកម្លាំងនគរបាលប្រមាណ១២០០នាក់ កម្លាំងប្រជាការពារ ៦០០០នាក់ និងកងរាជអាវុធហត្ថប្រមាណជាង ២០០នាក់ ដើម្បីរក្សាការពារក្នុងអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ក្នុងនោះវិធានការទាំង ៨ចំណុច ដែលបានដាក់ចេញរួមមាន ការយកចិត្តទុកដាក់ក្តាប់សភាពការណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសសកម្មភាពភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងចាត់វិធានការឱ្យបានទាន់ពេលវេលា។ បន្ត និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្រប់គ្រងឱ្យបានហ្មត់ចត់ មុខសញ្ញាប្រព្រឹត្តបទល្មើស ការប្រើប្រាស់អាវុធ រំសេវ គ្រឿងផ្ទុះ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន សកម្មភាពក្មេងទំនើង។ ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់នៅគោលដៅប្រារព្ធពិធីបុណ្យ កន្លែងកម្សាន្ត រួមមានវត្តអារាម ប្រាសាទ និងតំបន់រមណីយដ្ឋានទេសចរណ៍។ ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដាក់កម្លាំងតាមគោលដៅ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់នានា និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប និងការប្រើប្រាស់ចរន្តអគ្គិសនី បង្ការគ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ៕ អត្ថបទ៖ កាំង ហុងវាស្នា