នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងចាកចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យការរំពឹងទុកមានកាន់តែខ្ពស់ សម្រាប់ជំនួបកំពូលលើកដំបូងជាមួយលោកប្រធានាធិបតី Donald Trump ជាកន្លែងដែលភាពជាដៃគូការពារជាតិសម្ព័ន្ធ AUKUS និងប្រទេសចិន ទំនងជាគ្របដណ្តប់លើកិច្ចពិភាក្សា រវាងសម្ព័ន្ធមិត្តសន្តិសុខនេះ។

យោងតាមការិយាល័យរបស់លោក បានឲ្យដឹងថា លោក Albanese នឹងចេញដំណើរនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក ជាកន្លែងដែលនាយករដ្ឋមន្រ្តី បាននិយាយថា លោកនឹងចូលរួមពិធីទទួលស្វាគមន៍ដែលរៀបចំដោយលោក Trump នៅថ្ងៃអង្គារ។
យ៉ាងណាក្ដី កិច្ចប្រជុំទ្វេភាគី មិនត្រូវបានប្រកាសថា មាននោះទេ ដោយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា កិច្ចប្រជុំមួយ «អាចនឹង» កើតឡើង ជាការប្រយ័ត្នប្រយែង ដែលសូម្បីតែបន្ទាប់ពី Trump បាននិយាយកាលពីថ្ងៃអង្គារថា លោក Albanese នឹងធ្វើទស្សនកិច្ច ដើម្បីជួបលោក «ឆាប់ៗនេះ» ក៏ដោយ។
អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅទីក្រុង Washington លោក Arthur Sinodinos បាននិយាយថា ព្រះអង្គម្ចាស់ Charles បានផ្តល់ឲ្យសម្ព័ន្ធ AUKUS នូវ «ការគាំទ្រយ៉ាងរឹងមាំ» ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចរបស់លោក Trump នៅចក្រភពអង់គ្លេស ហើយវានឹងមានសារៈសំខាន់ ដើម្បីឲ្យលោក Albanese ទទួលបានការគាំទ្រជាគោលការណ៍ដោយផ្ទាល់ពីប្រធានាធិបតីលើកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីជំរុញដល់ការវិនិយោគ។
គួរបញ្ជាក់ថា ដោយត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការបង្កើនទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ប្រទេសចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្ព័ន្ធ AUKUS កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយមន្ទីរបញ្ចកោណ៕
