នៅក្នុងសំណើមួយ នាថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ ក្រុមប្រឹក្សាក្រសួងការពារជាតិ បានលើកឡើងថា ប្រទេសជប៉ុនគួរតែពង្រឹងការរារាំងតាមរយៈយានដ្រូន និងនាវាមុជទឹកបំពាក់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយសារប្រទេសចិនពង្រីកសកម្មភាពដែនសមុទ្ររបស់ខ្លួន នៅក្នុងតំបន់ ខណៈដែលបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ប្រទេស ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូដែលមានគំនិតដូចគ្នា។
របាយការណ៍ដែលត្រូវបានចងក្រងឡើង បន្ទាប់ពីមានការពិភាក្សាអស់រយៈពេលជាង ១ឆ្នាំ ក្នុងចំណោមអ្នកជំនាញផ្នែកសន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏បានអំពាវនាវផងដែរឲ្យមាន «ភាពបត់បែនបន្ថែមទៀត» នៅក្នុងវដ្តនៃការពិនិត្យឡើងវិញ សម្រាប់ផែនការពង្រឹងការពារជាតិរបស់ជប៉ុន និងរយៈពេលដែលវាគ្របដណ្តប់ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័ស និងវិធីសាស្រ្តធ្វើសង្គ្រាមថ្មី។ របាយការណ៍នេះត្រូវបានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Nakatani នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ។

របាយការណ៍បានបញ្ជាក់ថា «ការពង្រឹងការទប់ស្កាត់ និងសមត្ថភាពឆ្លើយតបបន្ថែមទៀត គឺជាបញ្ហាសំខាន់ណាស់» ដោយកត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការស្របគ្នាជាយុទ្ធសាស្ត្រ» ក្នុងចំណោមប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង បានឈានដល់ «ទំហំខុសគ្នា» ពីពេលដែលប្រទេសជប៉ុនបានអនុម័តយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួន នៅឆ្នាំ២០២២។
ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការគាំទ្ររបស់ចិន ចំពោះរុស្ស៊ី តាមរយៈការផ្តល់បច្ចេកវិទ្យា និងការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង ដើម្បីជួយដល់សង្រ្គាមរបស់រុស្ស៊ី ឯកសារនេះក៏បានព្រមានដែរថា «មានលទ្ធភាពខ្ពស់ដែលប្រទេសទាំង៣ នឹងសហការគ្នា ប្រសិនបើយថាភាពកើតឡើងនៅក្នុងតំបន់»៕

