ភ្នំពេញ ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនបានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
ក្រុមហ៊ុនមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេសកម្ពុជា និងការនាំចេញ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម និងជ្រើសយកកម្ពុជាជាប្រទេសគោលដៅក្នុងការចាប់ដៃគូសហការពាណិជ្ជកម្ម នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់លើការសម្របសម្រួលវិស័យឯកជន ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច៕





