ក្រសួងការបរទេសរបស់ប្រទេសបេឡារុស នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួនបានបញ្ជាឲ្យអ្នកការទូតឆេកម្នាក់ចាកចេញពីប្រទេស ហើយបានកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់ប៉ូឡូញម្នាក់មកប្រជុំ បន្ទាប់ពីប្រទេសទាំង២ បានបណ្តេញបុគ្គលិកការទូតបេឡារុស។

សាធារណរដ្ឋឆេក និងប៉ូឡូញ ក្នុងខែនេះ បានបណ្តេញអ្នកការទូតបេឡារុសពីបទចារកម្ម។ ហើយជាមួយគ្នានេះ ប៉ូឡូញក៏បានចាប់ខ្លួនមនុស្សម្នាក់ទៀតដែលខ្លួនចោទថា ជាចារកម្មរបស់បេឡារុស។
បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ក្នុងអំឡុងពេលមានសង្គ្រាម នៅអ៊ុយក្រែន បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ចាប់តាំងពីទីក្រុង Minsk បានបង្ក្រាបការតវ៉ាប្រឆាំងនឹងការបោះឆ្នោតឆ្នាំ២០២០ ជាលទ្ធផលផ្លូវការដែលបានផ្តល់ឲ្យមេដឹកនាំរយៈពេលយូររបស់ប្រទេស គឺលោក Alexander Lukashenko នូវជ័យជម្នះ ដែលមិនត្រូវបានទទួលស្គាល់ដោយក្រុមប្រឆាំង ឬប្រទេសលោកខាងលិចដោយភាគច្រើន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ការបណ្តេញចេញនេះ គឺ «ដោយសារតែភាពលម្អៀងដែលបានចាក់ឫសជាច្រើនឆ្នាំប្រឆាំងនឹងបេឡារុសដោយអាជ្ញាធរឆេក»។
ក្នុងខែនេះ ប្រទេសបេឡារុស បានរៀបចំធ្វើសមយុទ្ធយោធាដ៏ធំ ដោយមានការចូលរួមពីកងកម្លាំងរុស្ស៊ី៕
