រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថា មានមូលដ្ឋានតិចតួចសម្រាប់សុទិដ្ឋិនិយមក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកបានច្រានចោលការទាមទារសំខាន់ៗរបស់រុស្ស៊ី ប៉ុន្តែការសន្ទនានោះនៅតែអាចធ្វើទៅបាន។

ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានបង្ហាញការព្រួយបារម្ភថា ការបង្កើនទាហានរុស្ស៊ីប្រមាណ ១០ម៉ឺននាក់នៅជិតប្រទេសអ៊ុយក្រែន ជាសញ្ញាថាទីក្រុងម៉ូស្គូមានផែនការឈ្លានពានអតីតប្រទេសជិតខាងសហភាពសូវៀត។ រុស្ស៊ីបដិសេធថាគ្មានផែនការបែបនេះទេ ហើយបានដាក់ចេញនូវការទាមទារជាបន្តបន្ទាប់ដែលខ្លួននិយាយថា នឹងធ្វើឲ្យប្រសើរឡើងសន្តិសុខនៅអឺរ៉ុប។ ប៉ុន្តែតាមការរំពឹងទុក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បានច្រានចោលដាច់ខាត នូវសម្បទានណាមួយលើចំណុចសំខាន់ៗរបស់ទីក្រុងមូស្គូ ដែលបដិសេធក្នុងការហាមឃាត់ប្រទេសអ៊ុយក្រែន មិនឲ្យចូលរួមក្នុងអង្គការណាតូជាអចិន្ត្រៃយ៍ និងបាននិយាយថា ការដាក់ពង្រាយកងទ័ព និងឧបករណ៍យោធាសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើតគឺមិនអាចចរចាបានឡើយ។
ពេលនេះការសម្លឹងមើលទាំងអស់គឺទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនឹងសម្រេចចិត្តថា តើរុស្ស៊ីនឹងឆ្លើយតបយ៉ាងណាក្នុងពេលមានការព្រួយបារម្ភថា អឺរ៉ុបអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាម។ ខណៈដែលការផ្នែកការទូតបរាជ័យ ដូច្នេះការធ្វើសមយុទ្ធបានបង្កើនភាពតានតឹង។ រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធយោធាជាបន្តបន្ទាប់ចូលរួមដោយកងទ័ពជើងគោក និងកងកាំភ្លើងធំនៅភាគនិរតីប្រទេសរុស្ស៊ី យន្តហោះចម្បាំង និងនាវាចម្បាំងរាប់សិបគ្រឿងដាក់នៅសមុទ្រខ្មៅ និងតំបន់អាក់ទិក ហើយយន្តហោះចម្បាំង និងទាហានឆត្រយោងរុស្ស៊ីមាននៅក្នុងប្រទេសបេឡារុស្ស៕
អត្ថបទ៖ ប៊ុនថន