ក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង បានណែនាំបណ្ដាអភិបាលក្រុង-ខេត្តកុំអនុញ្ញាតឲ្យមានការដំឡើងទង់ជាតិប៉ាឡេស្ទីន នៅសាលាក្រុង និងអគារសាធារណៈផ្សេងទៀត នាសប្តាហ៍ក្រោយ បើទោះបីជាទីក្រុងប៉ារីស គ្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការក៏ដោយ។
ក្នុងទូរលេខ ដែលច្បាប់ចម្លងត្រូវបានឃើញដោយបណ្ដាញសារព័តមានមួយ នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ ក្រសួងមហាផ្ទៃបានឲ្យដឹងថា៖ «គោលការណ៍អព្យាក្រឹតភាព ក្នុងសេវាសាធារណៈ ហាមឃាត់មិនឲ្យមានការបង្ហាញបែបនេះ»។ ក្រសួងមហាផ្ទៃបានបន្ថែមថា ការសម្រេចណាមួយរបស់អភិបាលក្រុង ក្នុងការបង្ហូតទង់ជាតិប៉ាឡេស្ទីន គួរតែត្រូវបានបញ្ជូនទៅតុលាការ។

សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា គឺជាបញ្ហាដ៏រសើប នៅក្នុងប្រទេសបារាំង ហើយអភិបាលក្រុងបារាំងជាច្រើននាក់ បានប្រកាសរួចហើយថា ពួកគេមានបំណងចងបង្ហាញទង់ជាតិប៉ាឡេស្ទីន នៅសាលាក្រុងរបស់ពួកគេ នាសប្តាហ៍ក្រោយ។ នៅថ្ងៃចន្ទ បារាំងគ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។
ការព្រមានពីក្រសួងមហាផ្ទៃបានកើតមានឡើង បន្ទាប់ពីមេដឹកនាំសង្គមនិយម លោក Olivier Faure បានអំពាវនាវឲ្យបង្ហូតទង់ជាតិប៉ាឡេស្ទីន នៅសាលាក្រុង នៅថ្ងៃចន្ទ នៅពេលដែលអ្នកគោរពបូជាជនជាតិជ្វីហ្វ ក៏ប្រារព្ធផងដែរនូវពិធីបុណ្យ Rosh Hashanah ដែលជាឆ្នាំថ្មីរបស់ជនជាតិជ្វីហ្វ។
តែយ៉ាងណាក្ដី ទូរលេខនោះបានបញ្ជាក់ថា ការបង្ហូតទង់ជាតិបែបនេះ នឹងស្មើនឹងការ «ធ្វើឲ្យភាគីនានាធ្លាក់ចូលទៅក្នុងជម្លោះអន្តរជាតិ»៕
