ដោយប្រទេសអារ៉ាប់ជាច្រើនមានអារម្មណ៍ថា មានការកើនឡើងនូវការគំរាមកំហែងពីអ៊ីស្រាអែល សន្ធិសញ្ញាការពារជាតិជាមួយអារ៉ាប៊ីសាអ៊ូឌីត-ប៉ាគីស្ថាន ដែលត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ នាំឲ្យប៉ាគីស្ថាន និងឆ័ត្រការពារនុយក្លេអ៊ែររបស់ខ្លួនចូលទៅក្នុងគ្រោងការសន្តិសុខក្នុងតំបន់។
បណ្ដាអ្នកវិភាគបានលើកឡើងថា «កិច្ចព្រមព្រៀងការពារទៅវិញទៅមកជាយុទ្ធសាស្ត្រ» ដែលត្រូវបានចុះហត្ថលេខា រវាងប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃពុធ ចងភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព រវាងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ទីក្រុង Riyadh ជាមួយកម្លាំងយោធាដ៏ធំបំពាក់ដោយនុយក្លេអ៊ែររបស់ប៉ាគីស្ថាន។

មានព័ត៌មានលម្អិតតិចតួចនៃកតិកាសញ្ញានេះដែលត្រូវបានបង្ហាញ ខណៈគោលនយោបាយនុយក្លេអ៊ែររបស់ប៉ាគីស្ថាន ចែងថា អាវុធរបស់ខ្លួន មានគោលបំណងតែមួយគត់ គឺប្រឆាំងនឹងប្រទេសឥណ្ឌាដែលជាសត្រូវយូរអង្វែងរបស់ខ្លួន។
ប៉ុន្តែទីក្រុងរីយ៉ាដកំពុងព្រលយពាក្យថា ខ្លួននឹងមានខែលការពារនុយក្លេអ៊ែរជាក់ស្តែង នៅក្រោមកិច្ចព្រមព្រៀងនេះ ខណៈដែលអ្នកវិភាគប្រាប់ថា អ៊ីស្រាអែលដែលត្រូវបានដឹងយ៉ាងទូលំទូលាយថា ជារដ្ឋនុយក្លេអ៊ែរតែមួយគត់នៅតំបន់មជ្ឈិមបូព៌ានោះ នឹងតាមឃ្លាំមើលយ៉ាងដិតដល់។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់សារព័ត៌មានរ៉យទ័រថា អាវុធនុយក្លេអ៊ែរ «មិនមែនជាផ្នែក» នៃកិច្ចព្រមព្រៀងនោះទេ។ ហើយលោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអាចត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ប្រទេសឈូងសមុទ្រដទៃទៀត៕
