នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ មន្ត្រី បានប្រាប់ឲ្យដឹងថា សិស្សជាង ៨០០នាក់ បានធ្លាក់ខ្លួនឈឺដោយសារពុលអាហារចំនួន ២ករណីផ្សេងគ្នា ក្នុងសប្តាហ៍នេះ បន្ទាប់ពីបរិភោគអាហារនៅសាលាដោយឥតគិតថ្លៃ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។
ករណីមួយបានប៉ះពាល់ដល់មនុស្សជាង ៥០០នាក់ និងជាការផ្ទុះហេតុការណ៍បែបនេះដ៏ធំបំផុតដែលស្ថិតនៅក្រោមកម្មវិធីដ៏លេចធ្លោរបស់លោកប្រធានាធិបតី Prabowo Subianto។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅឥណ្ឌូនេស៊ី គឺវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ចាប់តាំងពីខែមករាមក ជាពេលដែលកម្មវិធីនេះត្រូវបានចាប់ផ្តើម រហូតដល់ខែសីហា កុមារជាង ៤.០០០នាក់ បានរងគ្រោះដោយការពុលអាហារបន្ទាប់ពីទទួលទានអាហារ ដោយវាបង្កជាមន្ទិលសង្ស័យ ចំពោះនីតិវិធីត្រួតពិនិត្យ។

នៅក្នុងខេត្ត West Java (ជ្វាខាងលិច) របស់ឥណ្ឌូនេស៊ី សិស្សចំនួន ៥៦៩នាក់ មកពីសាលាចំនួន៥ ក្នុងតំបន់ Garut បានកើតមានអាការក្អួតចង្អោរ កាលពីថ្ងៃពុធ បន្ទាប់ពីបរិភោគសាច់មាន់ និងបាយដែលផ្តល់ឲ្យដោយផ្ទះបាយមួយដោយឥតគិតថ្លៃកាលពីមួយថ្ងៃមុននោះ។ នេះបើតាមលោក Nurdin Yana លេខាធិការនៃរដ្ឋបាលក្នុងតំបន់ Garut ដែលបានប្រាប់សារព័ត៌មានរ៉យទ័រ។
លោក Yana បាននិយាយថា៖ «គិតត្រឹមថ្ងៃសុក្រនេះ សិស្សចំនួន ១០នាក់ កំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យ ហើយអ្នកផ្សេងទៀតបានជាសះស្បើយឡើងវិញហើយ»។ លោកបានបញ្ជាក់បន្ថែមថា ដំបូងឡើយ សិស្សប្រហែល ៣០នាក់ ត្រូវព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯអ្នកផ្សេងទៀតត្រូវសម្រាកព្យាបាលនៅផ្ទះ។
ទីភ្នាក់ងារអាហារូបត្ថម្ភជាតិដែលមើលខុសត្រូវលើកម្មវិធីនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីពុលអាហារដ៏ធំមួយទៀតដែលទាក់ទងនឹងកម្មវិធីនេះ បានកើតឡើងកាលពីថ្ងៃពុធ នៅកោះ Banggai នៃខេត្ត Central Sulawesi ដែលប៉ះពាល់ដល់សិស្សចំនួន ២៧៧នាក់ ដោយបន្ថែមថា ការចែកចាយអាហារនៅក្នុងតំបន់នេះត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។
អ្នកនាំពាក្យរបស់លោក Prabowo គឺលោក Prasetyo Hadi បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលបានសុំអភ័យទោស ចំពោះ «ការកើតឡើងម្តងទៀតនូវករណីទាំងនេះ នៅក្នុងតំបន់មួយចំនួន ហើយជាការពិត នេះមិនមែនជាអ្វីដែលយើងរំពឹង ឬមានចេតនាឲ្យកើតឡើងនោះឡើយ»៕
