ថ្លែងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ(UN) លោកអគ្គលេខាធិការ Antonio Guterres បាននិយាយថា ពិភពលោកបច្ចុប្បន្នប្រឈមនឹងវិបត្តិសកលជាច្រើន រួមទាំងបញ្ហានៅហ្កាហ្សា អ៊ុយក្រែន ស៊ូដង់ ជនភៀសខ្លួន និងបញ្ហា AIផងដែរ ។
លោកបញ្ជាក់ថា ពិភពលោកប្រឈមនឹងបញ្ហាវិបត្តិសកល ដោយសារជម្លោះជាច្រើន ហើយប្រទេសមួយចំនួនធ្វើដូចខ្លួនឯងគ្មានដឹងអី ។
ចាប់ពីសប្តាហ៍ក្រោយតទៅ ក្រុមមេដឹកនាំពិភពលោក នឹងជួបជុំគ្នានៅបុរីញូវយ៉ក សម្រាប់មហាសន្និបាត UN ។ អូស្រ្តាលី បែលហ្ស៊ិក អង់គ្លេស កាណាដា និងបារាំង បានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ បើទោះបីជាប្រទេសមួយចំនួនដាក់លក្ខខណ្ឌក៏ដោយ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលអំពាវនាវឲ្យកាត់បន្ថយការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកនោះ បានបញ្ឈប់ការចូលរួមរបស់អាមេរិកជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផ្អាកការផ្តល់មូលនិធដល់ទីភ្នាក់ងារជួយសង្រ្គោះជនប៉ាឡេស្ទីន UNRWA ក៏ដូចជាលាឈប់ពីទីភ្នាក់ងារបេតិកភណ្ឌពិភពលោក UNESCO ហើយលោកនឹងថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាត UN នាថ្ងៃអង្គារសប្តាហ៍ក្រោយ ៕