ដោយមានកាន់អ៊ីវ៉ាន់ ជនប៉ាឡេស្ទីន បាននាំគ្នារត់ភៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូង ស្របពេលកើតមានប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ។
ប្រជាពលរដ្ឋនាំគ្នាជម្លៀសខ្លួនតាមរថយន្ត និងរទេះសេះ ដោយផ្ទុកជាមួយអ៊ីវ៉ាន់សំពីងសំពោង ខណៈពលរដ្ឋហ្កាហ្សាផ្សេងទៀត នាំគ្នាដើរកាត់ផ្លូវតាមបណ្តោយឆ្នេរនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
រថក្រោះអ៊ីស្រាអែល បានរុលចូលតាមច្រក ២ ទៅកាន់មជ្ឈមណ្ឌលទីក្រុងហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ប្រព័ន្ធអ៊ិនធឺណិត និងខ្សែទូរស័ព្ទ ត្រូវបានកាត់ផ្តាច់នៅទូទាំងដែនដីបិទច្រកមួយនេះ គឺជាសញ្ញាមួយដែលប្រតិបត្តិការជើងគោក ទំនងជាកើនឡើង ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនពីសង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងជាង ៦៥.០០០នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ស្របពេលដែលមនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែកនៃអគាររងការបំផ្លិចបំផ្លាញ ៕