រយៈពេល ៤ខែ ក្រោយក្រុមអាជ្ញាធរជម្លៀសពលរដ្ឋចេញ ២២.០០០នាក់ និងរុះរើការផ្គត់ផ្គង់ទឹក ជំរំជនភៀសខ្លួន Muna ស្ថិតក្នុងទីក្រុង Maiduguri នៅសល់តែសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកស្រី Maryam Suleiman ដែលជាស្រ្តីមេម៉ាយអាយុ ៥០ឆ្នាំ បដិសេធន៍មិនព្រមចាកចេញពីជំរំមួយនេះឡើយ ។
អ្នកស្រី Suleiman និងកូន ១២នាក់របស់គាត់ ដេកនៅក្រោមដំបូលរហែកនៅក្នុងជំរំ ស្ថិតក្នុងរដ្ឋភាគឦសាន Borno បើទោះបីជារចនាសម្ព័ន្ធដួលរលំនៅជុំវិញពួកគេក៏ដោយ ។
អ្នកស្រីនិយាយប្រាប់កាសែត Al Jazeera ថា ពួកគេផ្តល់ជម្រើសឲ្យពួកយើងស្នាក់នៅ ឬវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពួកគេនៅតែកាប់សម្លាប់មនុស្សនៅទីនោះ ។
ទីក្រុងកំណើត Dongo របស់គាត់ ស្ថិតក្នុងតំបន់ Mafa មានចម្ងាយប្រហែល ៤៩គ.មពីទីក្រុង Maiduguri គឺជាកន្លែងដែលក្រុមយុទ្ធជន Boko Haram សម្លាប់ប្អូនប្រុស ២នាក់របស់គាត់ កាលពីឆ្នាំ ២០១៤ ។ វាជាកន្លែងដែលរដ្ឋាភិបាលនិយាយថា គាត់ត្រូវតែវិលត្រឡប់ទៅវិញ ពីព្រោះថាទីកន្លែងនោះមានសុវត្ថិភាពពីក្រុមដែលបានសម្លាប់មនុស្ស ១៥.៨៨៩នាក់ និងជម្លៀសមនុស្ស ៣,៩លាននាក់ នៅទូទាំងតំបន់ភាគឦសាននីហ្សេរីយ៉ា ។
អ្នកស្រី Suleiman ស្ថិតនៅក្នុងចំណោមមនុស្សរាប់រយនាក់ ដែលបដិសេធន៍ពុំព្រមជម្លៀសចេញពីជំរំ ពេលដែលអភិបាលរដ្ឋ Borno លោក Babagana Umara Zulum បានបញ្ជាឲ្យជំរំបិទទ្វារទាំងអស់ កាលពីឆ្នាំ ២០២៣ ដោយលើកឡើងពីសន្តិសុខល្អប្រសើរជាងមុន និងតម្រូវការស្តាសេចក្តីថ្លៃថ្នូរមនុស្សជម្លៀសខ្លួន ៕