ប្រភពពីសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ បានឲ្យដឹងថា EU គ្រោងនឹងហាមឃាត់ការនាំចូល LNG (ឧស្ម័នធម្មជាតិរាវ) របស់រុស្ស៊ីទៅកាន់ប្លុកនេះ ដែលលឿនមួយឆ្នាំជាងការរំពឹងទុក ដោយវាជាផ្នែកនៃកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងទីក្រុងមូស្គូ ពោលគឺជាចំណាត់ការដែលទំនងជាត្រូវបានជំរុញដោយសម្ពាធពីលោកប្រធានាធិបតីអាមេរិក Donald Trump។
គណៈកម្មការអឺរ៉ុបដែលជាផ្នែកប្រតិបត្តិរបស់ប្លុកមានសមាជិក ២៧ប្រទេស នឹងស្នើពន្លឿនការហាមឃាត់នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ នៅពេលដែលខ្លួនបង្ហាញកញ្ចប់នេះដល់បេសកជន EU នៅយប់នៅថ្ងៃសុក្រនេះ។ ការដាក់ទណ្ឌកម្មជាទូទៅត្រូវតែមានការយល់ព្រមពីរដ្ឋសមាជិក EU ទាំងអស់។
ជាមួយគ្នានេះ លើសពី LNG ការរឹតបន្តឹងថ្មីក៏ត្រូវបានគេរំពឹងផងដែរថា នឹងកំណត់គោលដៅបន្ថែមទៀតលើកងនាវាដឹកប្រេងស្រមោលរបស់រុស្ស៊ី រូបិយប័ណ្ណគ្រីបតូ ធនាគាររុស្ស៊ី និងអាស៊ីកណ្តាល រោងចក្រចម្រាញ់ប្រេងរបស់ចិន ក៏ដូចជាតំបន់សេដ្ឋកិច្ច ភាពចន្លោះប្រហោងផ្នែកគយដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ដើម្បីនាំចូលទំនិញដែលប្រើប្រាស់បានទាំងផ្នែកយោធា និងស៊ីវិល។
លោក Trump កំពុងជំរុញឲ្យអឺរ៉ុបដើរតួនាទីយ៉ាងខ្លាំងក្លាបន្ថែមទៀត ក្នុងការជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយទាមទារឲ្យប្លុកនេះទទួលបន្ទុកយ៉ាងធំធេង ចំពោះការចំណាយលើផ្នែកយោធារបស់អ៊ុយក្រែន និងធ្វើការងារបន្ថែមទៀត ដើម្បីបន្ទច់បង្អាក់ទីក្រុងមូស្គូឲ្យលែងទទួលបានប្រាក់ចំណូលពីថាមពលដែលបានផ្ដល់មូលនិធិដល់សង្គ្រាមរបស់ខ្លួន។
សំណើនេះបង្កជាហានិភ័យ ដែលជំរុញឲ្យបណ្តាប្រទេស EU គ្របដណ្តប់ដោយការខ្វះខាតណាមួយ នៅក្នុងការផ្គត់ផ្គង់ LNG តាមរយៈការទិញពីសហរដ្ឋអាមេរិក ដោយបង្កើនការពឹងផ្អែកថាមពលរបស់ពួកគេលើសហរដ្ឋអាមេរិក នៅក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងប្រើប្រាស់ពន្ធពាណិជ្ជកម្មជាឧបករណ៍គោលនយោបាយ។
មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា ការពន្លឿនដល់ការហាមឃាត់លើ LNG របស់រុស្ស៊ីនេះ បានក្លាយជា «អាទិភាព» បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជជែកជាមួយលោក Trump ក្នុងសប្តាហ៍នេះ៕