
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមកម្មករបានទម្លុះជញ្ជាំងថ្មចុងក្រោយ ដើម្បីបើកផ្លូវរថភ្លើងក្រោមដីចន្លោះប្រទេសអូទ្រីស និងអ៊ីតាលី ដែលនឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់តំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងអឺរ៉ុប ។
ផ្លូវរថភ្លើងក្រោមដី Brenner Base ដែលត្រូវបានគេចាត់ទុកថាជា ការតភ្ជាប់ផ្លូវរថភ្លើងក្រោមដីវែងជាងគេបំផុតរបស់ពិភពលោក គឺជាចំណុចកណ្តាលមួយនៃការធ្វើដំណើរសហភាពអឺរ៉ុប ដើម្បីផ្លាស់ប្តូរការដឹកជញ្ជូនពីផ្លូវគោក ទៅកាន់ផ្លូវដែក ហើយនិងកាត់បន្ថយកង្វក់បរិយាកាស និងជំរុញពាណិជ្ជកម្មឆ្លង ព្រំដែន ។
ស្រទាប់ចុងក្រោយនៃផ្ទាំងថ្មផ្លូវរថភ្លើងក្រោមដី Brenner Base ត្រូវបានបំផ្ទុះ អំឡុងពិធីមួយដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និងអធិការបតីអូទ្រីសលោក Christian Stoker ។
លោកស្រី Meloni និយាយអំឡុងពិធីទម្លុះស្រទាប់ផ្ទាំងថ្មចុងក្រោយថា វាគឺជាថ្ងៃប្រវត្តិសាស្រ្ត សម្រាប់អ៊ីតាលី សម្រាប់អូទ្រីស ហើយនិងសម្រាប់អឺរ៉ុបទាំងមូល ។
ផ្លូវរថភ្លើងក្រោមដីនេះ នឹងក្លាយជាផ្លូវរថភ្លើងលើកដំបូងគេតភ្ជាប់ដោយផ្ទាល់រវាងអូទ្រីស និងអ៊ីតាលី ។ វាគ្រោងនឹងបើកឲ្យប្រើប្រាស់នៅឆ្នាំ ២០៣២ រយៈពេលប្រហែល ១៦ឆ្នាំ ពីក្រោយបរិច្ឆេតកំណត់ ហើយនិងគ្រោងចំណាយថវិកាអស់ប្រមាណ ១០ពាន់លានដុល្លារ ៕