បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានបដិសេធសំណើទិញខ្សែប្រយុទ្ធជប៉ុន Takumi Minamino ពីក្លិបរួមលីគ Leeds United និងក្លិបបារាំង AS Monaco។ ក្លិបទាំងពីរបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៧ឆ្នាំរូបនេះដែល Liverpool ទិញពី RB Salzburg កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ៧.២៥លានផោន តែ Liverpool ចាត់ទុកកីឡាករជប៉ុនរូបនេះជាសមាជិកសំខាន់សំរាប់ក្រុមបច្ចុប្បន្ន និងអនាគត។

Takumi Minamino បង្ហាញខ្លួនបាន ១៨ប្រកួតហើយរដូវកាលនេះរកបាន ៦គ្រាប់។ កីឡាករវ័យ ២៧ឆ្នាំរូបនេះថែមទាំងអ្នកស៊ុតបញ្ចូលទី ៤គ្រាប់នៅ Carabao Cup បូករួមទាំងការស៊ុតចុងម៉ោងតាមស្មើ Leicester City និងយកឈ្នះនៅវគ្គ ១១ម៉ែត្រកាត់សេចក្តី។ ក្រោយមកក្រុមរបស់លោក Jurgen Klopp ក៏បានយកឈ្នះ Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងវគ្គផ្តាច់ព្រ័ត្រជួបតោខៀវ Chelsea នៅថ្ងៃទី២៧ ខែក្រោយនេះ។ រំលឹកថា Takumi Minamino ធ្លាប់បានចំណាយពេលពាក់កណ្តាលរដូវកាលមុនជាមួយ Southampton បង្ហាញខ្លួនបាន ១០លើករកបាន ២គ្រាប់៕
អត្ថបទ៖នាង សុភាវុធ