ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសស៊ូដង់ បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការសម្លាប់ជនស៊ីវិល ក្នុងអំឡុងឆមាសទី១នៃឆ្នាំនេះ ដោយសារតែការកើនឡើងនៃអំពើហិង្សាបង្កឡើងដោយជនជាតិភាគតិច ដែលភាគច្រើននៅភាគខាងលិចតំបន់ Darfur។

ជម្លោះដែលបានផ្ទុះឡើងក្នុងប្រទេសស៊ូដង់ ក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានបង្កឲ្យមានរលកនៃការសម្លាប់ដែលជំរុញដោយជនជាតិភាគតិច បានបណ្តាលឲ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន និងបានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិបានហៅថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។
យោងតាមរបាយការណ៍ថ្មីរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៣,៣៨៤នាក់ ត្រូវបានសម្លាប់ នៅចន្លោះខែមករា ដល់ខែមិថុនា ដែលភាគច្រើននៅក្នុងតំបន់Darfur ។ តួលេខនេះ គឺស្មើនឹងជិត ៨០ ភាគរយនៃជនរងគ្រោះស៊ីវិល នៅក្នុងប្រទេសស៊ូដង់ ដែលបានចងក្រងជាឯកសារ កាលពីឆ្នាំមុន។
ពេញមួយសង្រ្គាមនេះ តួលេខអ្នកស្លាប់ និងរងរបួស ពិបាកតាមដាន ដោយសារតែការដួលរលំនៃសេវាសុខភាពក្នុងតំបន់ ការប្រយុទ្ធគ្នា និងការធ្លាក់ចុះនៃការទំនាក់ទំនង ក្នុងចំណោមហេតុផលផ្សេងទៀត៕
