ប្រធាន EC លោកស្រី Ursula von der Leyen បាននិយាយថា គណៈកម្មការអឺរ៉ុប (EC) បានស្នើឲ្យ ដាក់កម្រិតលើក្រុមហ៊ុនចំនួន ៤៥ មកពីប្រទេសរុស្ស៊ី និងប្រទេសទី៣ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី ១៩ ប្រឆាំងនឹងទីក្រុងមូស្គូ។

លោកស្រី បាននិយាយថា៖«យើងក៏បានចុះបញ្ជីក្រុមហ៊ុនចំនួន ៤៥ នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសទី៣ ផងដែរ។ ក្រុមហ៊ុនទាំងនេះ បាននិងកំពុងផ្តល់ការគាំទ្រដោយផ្ទាល់ ឬដោយប្រយោលដល់ក្រុមហ៊ុន ឧស្សាហកម្មយោធារុស្ស៊ី»។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានស្នើដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ប្រទេសទី៣ រួមទាំងពីប្រទេសចិនផងដែរ សម្រាប់ការចោទប្រកាន់ថា បានជួយដល់ក្រុមហ៊ុនឧស្សាហកម្មយោធារុស្ស៊ី។
លោកស្រី បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ថ្ងៃនេះ យើងស្នើឲ្យចុះបញ្ជីតួអង្គសំខាន់ៗ នៅក្នុងប្រទេសទីបី ដូចជាប្រទេសចិន ដែលផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឧស្សាហកម្មយោធារុស្ស៊ី»៕
