ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពីភពលោក (WTO) និងជាសមាជិកអាស៊ានឱ្យបានឆាប់។
លោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស ប្រទេសទីម័រខាងកើត នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម ក្នុងជំនួបនេះលោកស្រីរដ្ឋមន្ត្រីការបរទេសទីម័រ បានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ជួយប្រទេសទីមរខាងកើត បានចូលជាសមាជិកអាស៊ាន និងបានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែធំទូលំទូលាយឡើង។នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នៅក្រោយកិច្ចជំនួបនេះ។
ឯកឧត្តម បានឱ្យដឹងទៀតថា លោកស្រី ក៏បានជម្រាបជូនសម្ដេចពីបំណងបញ្ជូនអ្នកបច្ចេកទេស របស់ទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO និងសមាជិកអាស៊ាន។
លោកស្រី បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក្នុងការដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាពសេរីភាព និងការអភិវឌ្ឍលឿនជាទីបំផុត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន កម្ពុជាតែងតែសម្ដែងនូវការគាំទ្រ ហើយតទៅមុខកម្ពុជា នឹងខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចបានស្វាគមន៍ ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការWTO ចូលជាសមាជិក អាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្ដូរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលបានចុះហត្ថលេខារួចហើយ។
សម្ដេចតេជោ បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្ដេចបានមានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាសេរីភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។
សម្ដេច ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើកិច្ចសហប្រតិបត្តិការត្បូងត្បូង ជាពិសេសពិនិត្យឱ្យមានកិច្ចព្រម ព្រៀងគាំពារវិនិយោគ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិន យកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នៃប្រទេសទីម័រខាងកើត ហើយក៏បានជូនពរឱ្យដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ទីម័រខាងកើតនាពេលខាងមុខ ទទួលបានជោគជ័យ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ
