មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Sanaa នៃប្រទេសយេម៉ែន និងតំបន់ផ្សេងទៀតកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការគំរាមកំហែងដែលប្រទេសនេះ បានធ្វើទៅកាន់ប្រទេសផ្សេងទៀត នៅក្នុងតំបន់។
ប្រជាជនដែលចូលរួមការតវ៉ា បានថ្កោលទោសអ្វីដែលពួកគេពិពណ៌នាថា ជាការសម្លាប់រង្គាល ការប្រល័យពូជសាសន៍ ការបង្អត់អាហារ ការបណ្តេញចេញ និងការបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា សកម្មភាពបែបនេះ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ពួកគេក៏បានរិះគន់សហរដ្ឋអាមេរិកជុំវិញភាពលម្អៀងរបស់ខ្លួនចំពោះអ៊ីស្រាអែល និងការប្រើប្រាស់អំណាចវេតូម្តងហើយម្តងទៀត នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីសម្រេចបទឈប់បាញ់។
លោក Abdulrahman Al-Ahnomi អគ្គនាយកនៃសាជីវកម្មទូទៅសម្រាប់វិទ្យុ និងទូរទស្សន៍របស់ក្រុមហ៊ួទី បាននិយាយថា៖«ទោះបីជាមានការឈ្លានពានរបស់អ៊ីស្រាអែលម្តងហើយម្តងទៀតប្រឆាំងនឹងទីក្រុង Sanaa និងប្រទេសយេម៉ែន ហើយទោះបីជាមានការរំលោភរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសកាតា ប៉ាឡេស្ទីននិងប្រទេសជិតខាងក៏ដោយ ក៏ប្រជាជនយេម៉ែន នៅតែប្រកាន់ខ្ជាប់នូវជំហររបស់ពួកគេ បន្តគាំទ្រប្រជាជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើប្រតិបត្តិការយោធា ក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន»៕
