យោងតាមអាជ្ញាធរសុខាភិបាលដែនដីហ្កាហ្សា បានឱ្យដឹងថា យោធាអ៊ីស្រាអែលបានបន្តការវាយលុក លើទីក្រុងហ្កាហ្សា និងតំបន់ហ្កាហ្សាស្ទ្រីប កាន់តែខ្លាំងក្លា កាលពីថ្ងៃសៅរ៍ ២០កញ្ញា ដោយបានបំផ្លិចបំផ្លាញផ្លូវក្រោមដី និងរចនាសម្ព័ន្ធ ក្នុងការវាយប្រហារដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៦០ នាក់ ។
ការវាយលុកនេះបានកើតឡើងស្របពេលប្រទេសចំនួន១០ រួមទាំងអូស្ត្រាលី បែលហ្សិក អង់គ្លេស និងកាណាដា គ្រោងនឹងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅថ្ងៃចន្ទ មុនពេលការជួបជុំរបស់ក្រុមមេដឹកនាំប្រចាំឆ្នាំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
កងកម្លាំងរបស់អ៊ីស្រាអែល ដែលគ្រប់គ្រងតំបន់ជាយក្រុងភាគខាងកើតនៃទីក្រុង ហ្កាហ្សា បាននិងកំពុងវាយលុកសន្ធាប់លើតំបន់ Sheikh Radwan និង Tel Al-Hawa ពីកន្លែងដែលពួកគេនឹងត្រូវដាក់ទីតាំងដើម្បីវាយឆ្ពោះទៅកាន់ផ្នែកនានានៅកណ្តាល និងភាគខាងលិចនៃទីក្រុងនេះ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានឲ្យដឹងថា យោធាប៉ាន់ប្រមាណថា ខ្លួនបានកម្ទេចអគាររហូតដល់២០ ប្លុកនៅទីក្រុង ហ្កាហ្សា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ អ៊ីស្រាអែល ក៏ជឿផងដែរថា មនុស្សជាង ៥០០.០០០នាក់ បានចាកចេញពីទីក្រុងចាប់តាំងពីដើមខែកញ្ញាមក៕


