ភ្នំពេញ ÷ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ ត្រូវនឹងថ្ងៃទ២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពុទ្ធបរិស័ទ រស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនកុះករ បានបន្តយកទេយ្យទាន និងចង្ហាន់នានា ទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាទីវត្តអារាម។
បងប្អូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី ជួបជុំក្រុមគ្រួសារ បានអញ្ជើញមកកាន់វត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ វេនបិណ្ឌទី១៤ ព្រមទាំងបានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។
នាឱកាសនោះបងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញមកកាន់វត្តសន្សំកុសល បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន តាមរយៈប្រាប់BTV ព័ត៌មានថា ថ្ងៃនេះ ក្នុងរដូវខែបុណ្យ ទាន ពួកគាត់គ្រប់គ្នា តែងមានសេចកី្តជ្រះថ្លាក្នុងចិត្ត សប្បាយរីករាយ បានជួបជុំបងប្អូនក្រុមគ្រួសាររៀងៗខ្លួន ហើយការធ្វើបុណ្យ គឺយើងធ្វើរដូវភ្ជុំ ហើយត្រូវដាក់នំអន្សមជ្រូក អន្សមចេក នំគម នំបត ទេយ្យទាន និងចង្ហាន់មកប្រគេនព្រះសង្ឃឲ្យត្រូវតាមប្រពៃណីនៃពិធីបុណ្យ។ ភ្ជាប់ជាមួយគ្នានេះ បើប្រទេសជាតិយើងគ្មានសុខសន្តិភាព យើងក៏មិនអាចមកជួបជុំគ្រួសារ បានធ្វើបុណ្យ ធ្វើទាននោះទេ មកដល់ពេលនេះប្រទេសយើងទូលំទូលាយខ្លាំងណាស់ កន្លែងណាក៏យើងអាចទៅធ្វើបុណ្យ ធ្វើទានបានផងដែរ មិនទីអារាមនៅទីជនបទ និងក្នុងរាជធានីនោះទេ កន្លែងណាក៏ស្អាត មានសណ្តាប់ធ្នាប់ និងសុវតិ្ថភាព និងឲ្យមានសុខសប្បាយដល់ប្រជាជនទូទាំងប្រទេស។ ជាពិសេសពួកគាត់ បានអញ្ជើញមកបំពេញបុណ្យកុសលនៅវត្តសន្សំកុសល ក៏ដើម្បីឧទ្ទេសបុណ្យកុសលនេះជូនដល់វីរកងទ័ព ដែលបានពលីជីវិត ដើម្បីមាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា សូមឲ្យវីរកងទ័ពពលីទាំងអស់ទៅកាន់សុគតិភព ទីបរមសុខ ដ៏ខ្ពង់ខ្ពស់ផងដែរ ជាពិសេសបុណ្យនាថ្ងៃនេះ ក៏សូមគោរពជូនពរដល់រាជរដ្ឋាភិបាល សម្រេចរាល់កិច្ចការងារធំកី្ត-តូចកី្ត ក៏សូមឲ្យជោគជ័យគ្រប់ភារកិច្ច ហើយម្យ៉ាងវិញទៀត ក៏សូមជូនបុណ្យកុសលនេះទៅដល់ប្រជាពលរដ្ឋកម្ពុរដ្ឋទាំងអស់ សូមឲ្យបងប្អូនប្រជាពលរដ្ឋបាននូវសេចកី្តសុខ រួចចាកផុតទុក្ខ និងធ្វើដំណើរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ទីជិតទីឆ្ងាយ ក៏សូមឲ្យមានសេចកី្តសុខសុវតិ្ថភាពគ្រប់ទីកន្លែង
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចន្លោះខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យ មានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕
អត្ថបទ រដ្ឋា


















