រដ្ឋាភិបាលអេស្តូនី បាននិយាយថា យន្តហោះយោធារុស្ស៊ីចំនួន ៣ គ្រឿងបានរំលោភលើដែនអាកាសរបស់អេស្តូនី ជាសមាជិកណាតូរយៈពេល ១២ នាទីកាលពីថ្ងៃសុក្រ ក្នុងការទន្ទ្រានចូលមិនធ្លាប់មាន ជាការលុកលុយចុងក្រោយបំផុតនៃសកម្មភាពយោធាថ្មីៗរបស់រុស្ស៊ី ដែលបានធ្វើឱ្យសម្ព័ន្ធភាពយោធាមួយនេះ មានភាពច្របូកច្របល់។
ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធដែលថាយន្តហោះរបស់ខ្លួនបានបំពានដែនអាកាស អេស្តូនី ដោយនិយាយថា យន្តហោះទាំងនោះ បានហោះលើផ្ទៃទឹកអព្យាក្រឹត។
ជាមួយនឹងភាពតានតឹងខ្លាំងរួចទៅហើយដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ការលុកលុយនេះ បានកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីយានដ្រូនរុស្ស៊ី ជាង២០គ្រឿងបានចូលដែនអាកាសប៉ូឡូញ កាលពីយប់ថ្ងៃទី ៩ដល់១០ ខែកញ្ញា។ នោះបានជំរុញឱ្យយន្តហោះចម្បាំងណាតូបាញ់ទម្លាក់ដ្រូនមួយចំនួន ហើយក្រុមមន្ត្រីលោកខាងលិចនិយាយថារុស្ស៊ីកំពុងសាកល្បងការត្រៀមខ្លួននិងការដោះស្រាយរបស់សម្ព័ន្ធយោធានេះ។
បញ្ហានេះក៏បានកើតឡើងបីថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី និងបេឡារុស បានបញ្ចប់សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា "Zapad-2025" របស់ពួកគេ ដែលរួមបញ្ចូលទាំងការហាត់សមនៃការបាញ់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ៕


