នគរបាលហូឡង់បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ដោយហិង្សានៅទីក្រុងឡាអេ (Hague )កាលពីថ្ងៃសៅរ៍។
មនុស្ស ៣០ នាក់ត្រូវបានចាប់ខ្លួន និងមន្រ្តី ២ នាក់បានរងរបួស ខណៈមនុស្សមួយក្រុមធំបានប៉ះទង្គិចជាមួយនគរបាល ដោយខ្លះគប់ដុំថ្ម និងដបទឹក។
ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បានរាយការណ៍ដោយសំអាងចំនួនពីនគរបាល ថា មនុស្សប្រហែល១.៥០០នាក់ បានបិទផ្លូវហាយវេឆ្លងកាត់ទីក្រុង ខណៈរថយន្តនគរបាលមួយគ្រឿង ត្រូវបានដុតបំផ្លាញ ។
លោកនាយករដ្ឋមន្ត្រី Dick Schoof បានថ្កោលទោសចំពោះ រូបភាពដ៏គួរឱ្យតក់ស្លុត នៃអំពើហិង្សាដោយឥតអៀនខ្មាស ដោយនិយាយថា មិនអាចទទួលយកបានទាំងស្រុង។
ការតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមសកម្មជនស្តាំនិយម ដោយទាមទារឱ្យមានគោលនយោបាយធ្វើអន្តោប្រវេសន៍តឹងរ៉ឹង និងការគៀបសង្កត់លើអ្នកស្វែងរកសិទ្ធិជ្រកកោន។
អំពើហិង្សាបានផ្ទុះឡើងនៅពេលក្រុមបាតុករធំៗជាច្រើនគ្រវីទង់ជាតិហូឡង់ និងទង់ដែលមានទំនាក់ទំនងជាមួយក្រុមស្តាំនិយមជ្រុល បានប្រឈមនឹងកងកម្លាំងសន្តិសុខ៕


