ប្រជាពុទ្ធបរិស័ទជាច្រើនកុះករ នៅថ្ងៃអាទិត្យ ត្រូវជាថ្ងៃឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ បាននាំយកចង្ហាន់ និងទេយ្យទានប្រគេនជូនព្រះសង្ឃគង់នៅតាមទីវត្តអារាម។ ជាក់ស្ដែងនៅទីតាំង វត្តគល់ទទឹង ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកនេះ ពុទ្ធបរិស័ទកកកុញតម្រង់ជួរក្នុងការរាប់បាត្រ។
ប្រជាពលរដ្ឋម្នាក់ៗក្នុងសម្លៀកបំពាក់ប្រពៃណី សំពត់ហូល អាវប៉ាក់ ខោខ្មៅ អាវស ដៃកាន់ផ្កា និងចានស្រាក់ ក្នុងទឹកចិត្តជ្រះថ្លា ទាំងចាស់ទាំងក្មេង ធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ខ្លះជាលក្ខណៈមិត្តភក្តិ។
ភ្ជាប់ជាមួយទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យតាមប្រពៃណី ក្រៅពីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជនដែលបានចែកឋាន ពួកគាត់ក៏ឧទ្ទិផលបុណ្យទៅដល់វីរកងទ័ពកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីផងដែរ និងសូមជូនពរទៅកាន់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ប្រកបដោយសុខភាពល្អ និងសម្រេចបានរាល់ជោគជ័យក្នុងការការពារទឹកដីកម្ពុជា។
សូមជម្រាបថា ជាពិធីបុណ្យដ៏ធំសម្រាប់ជាតិ ការឈប់សម្រាកសម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ថ្ងៃ។ ពេលវេលាឈប់សម្រាកនេះដែរ ក៏ជាពេលវេលាដែលប្រជាពលរដ្ឋ ចាប់ផ្ដើមធ្វើដំណើរច្រើន ពិសេសចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ទីបណ្ដាខេត្តនានា ដែលជាស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំគ្រួសារធ្វើបុណ្យរួមគ្នា៕
អត្ថបទ៖ គឹមហុក









