យោងតាមក្រុមវេជ្ជសាស្ត្រ បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស៩១នាក់ ក្នុងពេលតែមួយថ្ងៃ រួមទាំងសមាជិកគ្រួសារវេជ្ជបណ្ឌិតល្បីឈ្មោះម្នាក់ និងមនុស្ស៤នាក់នៅលើរថយន្តកំពុងភៀសខ្លួនចេញពីភាគខាងជើងទីក្រុងហ្កាហ្សា។
ការសម្លាប់កាលពីថ្ងៃសៅរ៍ បានកើតមានឡើងខណៈកងកម្លាំងអ៊ីស្រាអែលបន្តដាក់សម្ពាធឥតឈប់ឈរដោយការវាយលុកទាំងអាកាស និងថ្មើរជើងដើម្បីដណ្ដើមកាន់កាប់ទីក្រុងហ្កាហ្សា ជាចំណុចកណ្ដាលដ៏ធំបំផុត ក្នុងដែនដីរងការឡោមព័ទ្ធមួយនេះ និងបង្ខំឲ្យប្រជាពលរដ្ឋដ៏ច្រើនសម្រុកចូលតំបន់ប្រមូលផ្ដុំនានានៅក្នុងភាគខាងត្បូង។

កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកឥតបន្ធូរដៃទៅលើលំនៅឋានពលរដ្ឋ ទីជម្រកក្នុងសាលារៀនដែលបានកែប្រែទៅជាកន្លែងស្នាក់អាស្រ័យរបស់អ្នករត់គេចពីសង្គ្រាម ជំរំតង់ ដែលប្រើសម្រាប់ជនរត់គេចពីសង្គ្រាម ក៏ដូចជា រថយន្តដឹកជញ្ជូនមនុស្សកំពុងព្យាយាមគេចចេញពីទីក្រុងហ្កាហ្សាតាមបញ្ជាកងទ័ព។
កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមគ្រួសាររបស់វេជ្ជបណ្ឌិត Mohammed Abu Salmiya ជានាយកមន្ទីរពេទ្យ al-Shifa ធំបំផុតក្នុងទីក្រុងហ្កាហ្សា ត្រូវបានទម្លាក់គ្រាប់ចំ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់៕

