ភ្នំពេញ៖ នៅសល់ប្រមាណ៣ថ្ងៃទៀត ប៉ុណ្ណោះការសែនចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹងឈានចូលមកដល់ សម្រាប់ថ្ងៃនេះដែរ បណ្តាប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន គឺបាននាំគ្នាសម្រុកទៅទិញទំនិញអាហារបន្លែត្រីសាច់ផ្លែឈើ និងគ្រឿងរបស់របរនានាសម្រាប់សែនចូលឆ្នាំចិន តែការទិញហាក់មានការថយចុះ។
បើតាមបណ្តាអាជីវករនៅផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល និងអាជីវករនៅផ្សារច្បារអំពៅរាជធានីភ្នំពេញ បាថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមករានេះថា ពលរដ្ឋកាត់សែចិន មានទំលាប់ធ្វើពិធីសែនចូលឆ្នាំចិន គឺបាននាំគ្នាមកទិញទំនិញរបស់របរ អាហារបន្លែផ្លែឈើត្រីសាច់ជាធម្មតា ហើយការទិញនោះហាក់មានកាត់បន្ថយមុខទំនិញបន្តិច ខណៈស្ទើរគ្រប់ទំនិញដែលបំរើអោយការធ្វើពិធីសែនមួយចំនួន ហាក់មានការឡើងថ្លៃជាងបណ្តាឆ្នាំកន្លងមក។
ពលរដ្ឋកាត់សែចិន ថ្លែងថា នៅក្នុងអំឡុងពេលនេះ បើទោះមុខទំនិញសែនចូលឆ្នាំចិន មានការឡើងថ្លៃក៏ដោយ ក៏យើងនៅតែទិញជាចាំបាច់ ខណៈការសែនថ្ងៃចូលឆ្នាំចិននោះ គឺតែងតែបានរៀបចំតាមទំលាប់ពីដូនតាមកដោយមិនអាចអាកខានបានឡើយ។
បើតាមលោក អ៊ិន យ៉ុម ប្រធានផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅក្នុងអំឡុងពេលនេះ គណៈកម្មការផ្សារតាខ្មៅគឺបានណែនាំអោយបណ្តាអាជីវករទាំងអស់សូមលក់ទំនិញកុំដំឡើងថ្លៃខ្ពស់ហួសហេតុ ហើយគ្រប់មុខទំនិញគឺយើងតម្រូវអោយអាជីវករត្រូវដាក់ស្លាកតំលៃអោយបានត្រឹមត្រូវ ជាពិសេសគ្រប់មុខទំនិញគឺត្រូវរក្សាគុណភាពចៀសវាងការប្រើសារធាតុគីមីដែលនាំអោយប៉ះពាលសុខភាពពលរដ្ឋ។
លោក អ៊ិន យ៉ុមបន្តថា ជាទូទៅផ្សាររបស់លោក ក៏ដូចបណ្តាផ្សារសាធារណៈនានាទៀត បច្ចុប្បន្នបើទោះ ស្ថានការកូវីដ១៩កំពុងមានការធូរស្រាលយ៉ាងណាក៏ដោយ ជានិច្ចកាល យើងតែងតែដាក់កងកម្លាំងចុះល្បាតតាមតូប ដោយធ្វើយ៉ាងណាអោយបណ្តាអ្នកលក់អ្នកទិញត្រូវតែពាក់ម៉ាស់ រក្សាគន្លាត មិនអោយប្រជ្រៀតគ្នាចូលទិញទំនិញ និងតាមដាននូវរាល់តម្លៃមុខទំនិញលើទីផ្សារមិនអោយឡើងថ្លៃខុសប្រក្រតី៕ អត្ថបទ៖ ស៊ុម សុខជា