ប្រជាជនអ៊ីស្រាអែលនៅទីក្រុងហ្សេរុយសាឡឹម និងទីក្រុង Tel Aviv បានប្រមូលផ្តុំគ្នាដើម្បីអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងការវិលត្រឡប់របស់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំខ្លួនក្នុងដែនដីហ្កាហ្សានៅឡើយ។
ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិ ស្រែកពាក្យស្លោក និងកាន់បដាដែលមានរូបថតចំណាប់ខ្មាំង។
ការប្រមូលផ្តុំគ្នាដែលបានទាក់ទាញមនុស្សរាប់ពាន់នាក់ បានកើតឡើងខណៈយោធាអ៊ីស្រាអែលបន្តការវាយលុកលើទីក្រុងហ្កាហ្សា និងតំបន់ហ្កាហ្សាកាន់តែខ្លាំង កាលពីថ្ងៃសៅរ៍ដោយកម្ទេចរចនាសម្ព័ន្ធក្រោមដី ក្នុងការវាយប្រហារដែលបានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា។
យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ក្នុងរយៈពេលជិតពីរឆ្នាំនៃការប្រយុទ្ធគ្នា ការវាយលុករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៥.០០០នាក់ បង្កឲ្យមានការរីករាលដាលភាពអត់ឃ្លាន វាយកម្ទេចរចនាសម្ព័ន្ធភាគច្រើន និងបង្ខំឲ្យពលរដ្ឋប៉ាឡេស្ទីនរត់ចេញទីលំនៅឋាន ភាគច្រើននៃពួកគេត្រូវបានរត់គេចខ្លួនជាច្រើនដង។
សង្គ្រាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបបានដឹកនាំការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់និងចាប់ចំណាប់ខ្មាំង២៥១នាក់។ ចំណាប់ខ្មាំង៤៨នាក់នៅតែជាប់ក្នុងតំបន់ហ្កាហ្សា នៅឡើយ ហើយប្រហែល២០នាក់ត្រូវបានគេគិតថានៅមានជីវិត៕