ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សេដ្ឋកិច្ចកូរ៉េខាងត្បូង អាចនឹងធ្លាក់ក្នុងវិបត្តិដូចកាលពីឆ្នាំ ១៩៩៧ បើសិនជារដ្ឋាភិបាលរបស់លោកទទួលយកការទាមទារបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មជាប់គាំង ដោយគ្មានការការពារទេនោះ ។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានឯកភាពគ្នាដោយពាក្យសម្តីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា ដែលសហរដ្ឋអាមេរិកនឹងបន្ទាបតម្លៃពន្ធរបស់លោកប្រធានាធិបតី Donald Trump លើទំនិញកូរ៉េខាងត្បូង ជាការដោះដូរនឹងការវិនិយោគទឹកប្រាក់ ៣៥០ពាន់លានដុល្លារពីកូរ៉េខាងត្បូង នៅក្នុងចំណោមវិធានការផ្សេងទៀត ។

លោក Lee និយាយថា ពួកគេនៅពុំទាន់ឯកភាពលើឯកសារនោះទេ ដោយសារជម្លោះជុំវិញវិធីសាស្រ្តដោះស្រាយការវិយោគទុន ។
លោកថា ដោយគ្មានការផ្លាស់ប្តូររូបិយប័ណ្ណ ប្រសិនបើពួកយើងដកប្រាក់ ៣៥០ពាន់លានដុល្លារតាមរបៀបដែលអាមេរិកកំពុងទាមទារ ហើយវិនិយោគប្រាក់ទាំងអស់នេះនៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនឹងប្រឈមនឹងស្ថានភាពដូចកាលពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧ ។
លោក Lee បាននិយាយផងដែរពីការវាយឆុ្មក់អន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកដែលបានឃាត់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់ ក៏ដូចជាទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយប្រទេសបងប្អូនកូរ៉េខាងជើង ប្រទេសជិតខាងចិន និងប្រទេសរុស្ស៊ី ៕
