នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃអាទិត្យថា នឹងគ្មានរដ្ឋប៉ាឡេស្ទីននោះទេ ហើយសកម្មភាពទទួលស្គាល់ដោយក្រុមមេដឹកនាំពិភពលោកមួយចំនួន ប្រៀបបាននឹងការផ្តល់ “រង្វាន់ភេរវកម្ម” បន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
លោកនិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកបានការពារពុំឲ្យមានរដ្ឋប៉ាឡេស្ទីន បើទោះបីជាមានសម្ពាធក្នុងស្រុក និងអន្តរជាតិក៏ដោយ ហើយលោកនឹងផ្តល់ការឆ្លើយតបរបស់លោក ក្រោយលោកវិលត្រឡប់ពីសហរដ្ឋអាមេរិកវិញ ។
គួរឲ្យដឹងថា អង់គ្លេស កាណាដា និងអូស្រ្តាលី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ គឺជាចំណាត់ការមួយកើតចេញពីការខកចិត្តចំពោះសង្រ្គាមនៅហ្កាហ្សា ហើយពួកគេមានបំណងលើកកម្ពស់ដំណោះស្រាយរដ្ឋ ២ ប៉ុន្តែការធ្វើបែបនេះ បានធ្វើឲ្យអ៊ីស្រាអែល និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិករបស់ពួកគេ ខឹងសម្បារផងដែរ ។
ខណៈពេលនោះដែរ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញព័ត៌មានសង្គម Xថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយចក្រភពអង់គ្លេស និងប្រទេសដទៃទៀត នឹងធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ ហើយនិងធ្វើឲ្យអន្តរាយដល់ការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធីលើជម្លោះ ៕