មេបញ្ជាការកងទ័ពតាលីបង់លោក Qari Fasihuddin កាលពីថ្ងៃអាទិត្យ បានច្រានចោលការព្យាករថា ក្រុមរបស់លោកបានចរចាលើអតីតមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក Bagram រយៈពេល ១ថ្ងៃ ក្រោយលោកប្រធានាធិបតី Donald Trump ព្រមានថា រឿងអាក្រក់នឹងកើតឡើង បើសិនជាអាហ្វហ្គានីស្ថាន ពុំប្រគបល់មូលដ្ឋានមួយនេះ មកភាគីសហរដ្ឋអាមេរិកវិញទេនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Fasihuddin បានធ្វើការធានាថា ក្រុមតាលីបង់នឹងមិនចរចាប្រគល់ដីអាហ្វហ្គានីស្ថានសូម្បីប៉ុនចុងក្រចក ។

លោកថា នេះជារឿងដែលមិនអាចទៅរួចនោះទេ ពួកយើងមិនខ្លាចនរណា ពួកយើងគ្មានទ្រព្យ និងគ្មានអំពើក្បត់ជាតិនោះដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត រដ្ឋាភិបាលតាលីបង់ បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនគោរពកិច្ចព្រមព្រៀងក្រុង Doha ឆ្នាំ ២០២០ ដែលរួមបញ្ចូលការសន្យាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាហ្វហ្គានីស្ថាន ហើយពួកគេបានព្រមានប្រឆាំងនឹងការកើតមានម្តងទៀតបទពិសោធន៍បរាជ័យកាលពីពេលកន្លងទៅ ។
មូលដ្ឋានទ័ពអាកាស Bagram ដែលជាជាទីតាំងឈរជើងយោធាធំបំផុតរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ចាប់តាំងពីកងកម្លាំងអាមេរិកដកចេញកាលពីឆ្នាំ ២០២១ ៕
