អំពើហិង្សាផ្ទុះឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ អំឡុងការដង្ហែរក្បួនទ្រង់ទ្រាយធំជាច្រើនប្រឆាំងនឹងអំពើពុករលួយ ក្រោយបាតុករ ត្រូវបានរារាំងដោយនគរបាលពីការដង្ហែរក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតី ។

ក្រុមបាតុករនាំគ្នាចោលដុំថ្ម និងដបស្រាក្រឡុក Molotov លើនគរបាលប្រឆាំងកុបកម្ម ខណៈកងកម្លាំងសន្តិសុខ ប្រើប្រាស់កាណុងទឹក ដើម្បីបំបែកហ្វូងបាតុករ ។
ក្រុមបាតុកររាប់សិបនាក់ នាំគ្នាពាក់ម៉ាស់ និងកាន់ទង់ក្នុងរឿងតុក្កតាជប៉ុន “One Piece” រំឭកដល់និមិត្តរូប អំឡុងបាតុកម្មកាលពីពេលថ្មីៗនៅឥណ្ឌូនេស៊ី ។
នគរបាលជាតិហ្វីលីពីន បានរាយការណ៍ថា មនុស្សរាប់សិបនាក់បានរងរបួស ដែលភាគច្រើននៃពួកគេមានស្នាមរយះ និងស្នាមជាំ ហើយនគរបាលបានចាប់ខ្លួនបាតុករ ១៧នាក់ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានេះ ។
កាលពីព្រឹកថ្ងៃអាទិត្យ សកម្មជន និងក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ បានដង្ហែរក្បួនទ្រង់ទ្រាយធំនៅក្នុងទីក្រុងម៉ានីល ។ បាតុកម្មនេះដែរ គាប់ជួននឹងខួបប្រកាសច្បាប់អាជ្ញាសឹករបស់អតីតបុរសខ្លាំង Ferdinand Marcos Sr ៕
