ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy រំពឹងថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងក្លាលើរុស្ស៊ី ។ លោកថ្លែងបែបនេះ រយៈពេល ១ថ្ងៃ ក្រោយសហភាពអឺរ៉ុបបង្ហាញកញ្ចប់ទណ្ឌកម្មទី ១៩របស់ខ្លួនលើទីក្រុងម៉ូស្គូ ។
នៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ លោក Zelenskiy និយាយថា លោកមានការដឹងគុណថា សំណើជាច្រើនរបស់អ៊ុយក្រែនត្រូវបានរាប់បញ្ចូលនៅក្នុងទណ្ឌកម្មសហភាពអឺរ៉ុប ។ ឥឡូវពួកយើងរំពឹងថា នឹងមានវិធានការទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកផងដែរ អឺរ៉ុបបានបំពេញការងាររបស់ពួគគេរួចហើយ ។
លោកថា ឥឡូវអ្នករាល់គ្នាអាចមើលឃើញហើយពីការជ្រៀតជ្រែករបស់រុស្សី ប្រឆាំងនឹងប៉ូឡូញ ហើយកាលពីម្សិលមិញ ពួកគេប្រឆាំងនឹងអេស្តូនី ។ ទាំងនេះ មិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ ។ រុស្ស៊ីនឹងបន្តព្យាយាមពង្រីកការឈ្លានពានរបស់ពួកគេ ការធ្វើឲ្យអស្ថិរភាព និងការជ្រៀតជ្រែក ។ នេះគឺជាប្រព័ន្ធរបស់ពួកគេ នេះត្រូវតែតបតជាប្រព័ន្ធទៅវិញផងដែរ ហើយនិងរួបរួមទាំងអស់គ្នា ។ លោកសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានជួយអ៊ុយក្រែន ។
សូមបញ្ជាក់ថា សមាជិកសហភាពអឺរ៉ុប នឹងពិភាក្សាលើកញ្ចប់សំណើ មុនពេលអនុម័តវាដោយឯកច្ឆ័ន្ធ ៕
