ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បានបង្អាក់ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានអឺរ៉ុបធំៗជាច្រើន រួមទាំងអាកាសយានដ្ឋាន Heathrow របស់ទីក្រុងឡុងដ្រ៍ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកជាគេបំផុតនៅទ្វីបមួយនេះ ។
ការវាយប្រហារនេះ បានធ្វើឲ្យប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធឡើងជិះយន្តហោះ ត្រូវពន្យាពេល ហើយនិងលុបចោលការហោះហើរកាលពីថ្ងៃសៅរ៍ ។
អាកាសយានដ្ឋាន Heathrow និយាយថា ក្រុមហ៊ុន Collins Aerospace ដែលផ្តល់ប្រព័ន្ធសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅតាមអាកាសយានដ្ឋានទូទាំងពិភពលោក ធ្លាប់ជួបបញ្ហាបច្ចេកទេសបែបនេះ ។
ក្រុមហ៊ុនមេ RTX និយាយថា ពួកគេបានដឹងពីភាពរអាក់រអួលពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតនៅតាមអាកាសយានដ្ឋានមួយចំនួន ប៉ុន្តែពួកគេពុំបានបញ្ជាក់ឈ្មោះអាកាសយានដ្ឋានទាំងនោះទេ ។
ពួកគេក៏ពុំបានផ្តល់ព័ត៌មានណាមួយលើអ្នកដែលអាចឈរនៅពីក្រោយការវាយប្រហារនេះនោះដែរ ។
មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិអង់គ្លេស បាននិយាយថា ពួកគេកំពុងធ្វើការជាមួយក្រុមហ៊ុន Collins Aerospace ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនេះ ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យអាកាសចណ៍ Cirium បានឲ្យដឹងថា ការចាកចេញ និងការមកដល់របស់យន្តហោះ ២៩គ្រឿង ត្រូវបានលុបចោល មកទល់នឹងពេលនេះនៅទីក្រុង Heathrow ទីក្រុងប៊ែរឡាំង និងទីក្រុងព្រុចសែល ។
ដោយឡែក អាកាសយានដ្ឋាន Dublin និងអាកាសយានដ្ឋាន Cork របស់អៀរឡើង ក៏ដូចជាអាកាសយានដ្ឋាន Zurich របស់ស្វីស បានរាយការណ៍បញ្ហានេះដូចគ្នា ៕