នគរបាលហូឡង់ ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ដើម្បីបំបែកហ្វូងបាតុករប្រឆាំងអន្តោប្រវេសន៍ហិង្សានៅទីក្រុងឡាអេ ។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មដែលរៀបចំឡើងដោយសកម្មជននិយមស្តាំ ដើម្បីទាមទារឲ្យមានគោលនយោបាយអន្តោប្រវេសន៍រឹតត្បិតជាងមុន ហើយនិងការបោសសម្អាតក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន រយៈពេល ១ខែប៉ុណ្ណោះ មុនពេលបោះឆ្នោតសកល ។
ក្រុមបាតុករដែលភាគច្រើនគ្រវីទង់ជាតិហូឡង់ និងទង់របស់ក្រុមនិយមស្តាំ បានប៉ះទង្គិចដោយហិង្សាជាមួយនគរបាល ដោយពួកគេនាំគ្នាចោលដុំថ្ម និងដបទឹក ។
រថយន្តនគរបាលមួយគ្រឿង ត្រូវបានដុតកម្ទេចចោល ហើយក្រុមបាតុករ នាំគ្នាបិទផ្លូវហាយវ៉េមួយសន្ទុះ នៅជិតទីតាំងធ្វើបាតុកម្ម ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមបាតុករបានវាយកម្ទេចចោលបង្អួចនៅទីស្នាក់ការកណ្តាលគណបក្សនិយមឆ្វេងកណ្តាល D66 ផងដែរ ៕