អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ Darfur ប្រទេសស៊ូដង់ ក្រោយការវាយប្រហារយានដ្រូនសម្លាប់ក្រុមគោរពបូជាជាង ៧០នាក់ នៅទីក្រុង El-Fasher ដោយលោកមានការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពធ្ងន់ធ្ងរយ៉ាងឆាប់រហ័សមួយនេះ ។
លោក Guterres និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យ UN ថា ការប្រយុទ្ធគ្នា ត្រូវតែបញ្ឈប់ឥឡូវនេះ ហើយលោកសូមជំរុញភាគីសង្រ្គាម ត្រូវចូលរួមកិច្ចសន្ទនា និងផ្តល់ច្រករបៀងមនុស្សធម៌ ស្របពេលដែលសង្រ្គាមស៊ីវិលដ៏ឃោឃៅនេះ ឈានចូលដល់ឆ្នាំទី ៣ទៅហើយ ។
លោកបន្តថា ភាគីពាក់ព័ន្ធត្រូវតែវិលត្រលប់មកកាន់តុចរចា និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ។
ទីក្រុង El-Fasher ដែលជារដ្ឋធានីរបស់តំបន់ North Darfur ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់គាំទ្រដោយរដ្ឋាភិបាល ហើយតំបន់កាន់កាប់ចុងក្រោយរបស់គូប្រជែងខ្លួនស្ថិតនៅទូទាំងតំបន់ Darfur ។
ទីក្រុងមួយនេះ ស្ថិតក្រោមការឡោមព័ទ្ធអស់រយៈពេលជាង ១ឆ្នាំមកហើយ ដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានបើកការវាយប្រហារថ្មី ដើម្បីដណ្តើមកាន់កាប់ទីក្រុងមួយនេះ ក្នុងរយៈពេលច្រើនសប្តាហ៍កន្លងមកនេះ ។
ខណៈពេលនោះដែរ អង្គការមនុស្សធម៌ បានបង្កើនការព្រួយបារម្ភចំពោះភាពអត់ឃ្លានកើនឡើងនៅក្នុងទីក្រុង El-Fasher ពេលដែលមនុស្សរាប់ម៉ឺននាក់ បន្តជាប់ខ្លួនដោយពុំទទួលបានស្បៀងអាហារ ឱសថ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត ៕