អាហ្វ្រិកខាងត្បូង៖ អាហ្វ្រិកខាងត្បូងបានរងការវាយប្រហារដោយទឹកជំនន់បណ្ដាលឲ្យមនុស្សជាង ៧០នាក់ស្លាប់នៅទូទាំងតំបន់បង្កដោយព្យុះត្រូពិច Ana។ ប្រទេសម៉ាដាហ្គាស្កាបានឃើញមនុស្សស្លាប់យ៉ាងតិច ៤៨នាក់ និងមនុស្ស ១៣០.០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេទៅកាន់ទីជម្រកបណ្តោះអាសន្ន។

ប្រទេសម៉ូហ្សំប៊ិកបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨នាក់។ ប៉ុន្តែមន្ត្រីនៅទីនោះនិយាយថា ចំនួនពិតនៅមិនទាន់ដឹងនៅឡើយ ខណៈមនុស្ស ២០.០០០នាក់រងផលប៉ះពាល់ដោយទឹកជំនន់។ ស្នងការទទួលបន្ទុកគ្រោះមហន្តរាយម៉ាឡាវីបាននិយាយថា អាហារ និងទីជម្រកគឺត្រូវការបន្ទាន់បន្ទាប់ពីការបំផ្លាញបង្កឡើងដោយព្យុះត្រូពិក Ana។ យ៉ាងហោចណាស់មនុស្ស ១៩នាក់ស្លាប់ដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ ខណៈមនុស្សជាង ១៩០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថារងរបួសធ្ងន់នៅក្នុងស្រុកចំនួន១៥ បន្ទាប់ពីរយៈពេលជាង ១សប្តាហ៍មានភ្លៀងធ្លាក់ខ្លាំង។
យោងតាមក្រសួងកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ប្រជាជនជាង ២០០,០០០នាក់មកពីគ្រួសារចំនួន ៤៨,០០០គ្រួសារបានទទួលរងផលប៉ះពាល់ ហើយជាច្រើនគ្រួសារទៀតផ្លាស់ទីលំនៅ។ ស្នងការទទួលបន្ទុកកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា តាមការព្យាករណ៍ពីការិយាល័យសេវាកម្មឧតុនិយមភ្លៀងនឹងនៅតែបន្តធ្លាក់ ហើយប្រជាជនត្រូវការទីកន្លែងដើម្បីស្នាក់នៅ ប៉ុន្តែយើងត្រូវការអាហារដើម្បីផ្តល់ឲ្យប្រជាជនទាំងអស់ដែលកំពុងនៅក្នុងជំរំ។ កិច្ចប្រឹងប្រែងក្នុងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់អាហារ ទៅកាន់តំបន់រងផលប៉ះពាល់ត្រូវបានរារាំងដោយទឹកជំនន់៕
អត្ថបទ៖ ប៊ុនថន