ស៊ីរីនឹងរៀបចំការបោះឆ្នោតសភាប្រជាជនថ្មីនៅថ្ងៃទី ៥ ខែតុលាខាងមុខនេះ ដើម្បីជ្រើសរើសសភាលើកដំបូង ចាប់តាំងពីការដួលរលំទៅរបស់លោក Bashar al-Assad កាលពីឆ្នាំមុន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍កាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតជ្រើសរើសសមាជិកសភានឹងធ្វើឡើងនៅតាមមណ្ឌលបោះឆ្នោតទាំងអស់ ។
ការប្រកាសបែបនេះ បានកើតមានឡើង ពេលដែលរដ្ឋាភិបាលថ្មី ស្វែងការបង្កើស្ថាប័នរដ្ឋឡើងវិញ ហើយនិងទទួលបានភាពស្របច្បាប់របស់ខ្លួន ស្របពេលមានកិច្ចខិតខំក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើឲ្យស្ថិរភាពប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ។
១ភាគ ៣នៃ ២១០អាសនៈនៅក្នុងសភា នឹងត្រូវតែងតាំងដោយផ្ទាល់ដោយលោកប្រធានាធិបតី Ahmed al-Sharaa ហើយអាសនៈដែលនៅសេសសល់ នឹងត្រូវជ្រើសរើសដោយគណៈកម្មាធិការក្នុងស្រុក ។
សភាមានភារកិច្ចអនុម័តច្បាប់ ដែលមានគោលដៅផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋច្រើនទសវត្សរ៍ និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលអាចផ្លាស់ប្តូរគោលនយោបាយការបរទេស ស៊ីរី ៕