បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រ Wilfried Bony បានវិលមកកាន់បាល់ទាត់វិញហើយក្រោយទំនេរជាង ១ឆ្នាំពីបាល់ទាត់ដោយគ្មានក្លិប។ អតីតខ្សែប្រយុទ្ធ Manchester City និង Swansea City រូបនេះបានចុះហត្ថលេខាជាមួយក្លិបនៅក្របខណ្ឌលីគកំពូលហូឡង់ NEC Nijmegen។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចាកចេញពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងបានហ្វឹកហាត់ជាមួយក្លិបវែល Newport County តាំងពីពេលនោះមក។ រំលឹកថា Wilfried Bony ធ្លាប់មានអាជីពជោគជ័យរយៈពេល ១០ឆ្នាំកាលពីប្រកបអាជីពនៅហូឡង់លើកដំបូង ដោយធ្លាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុង ១រដូវកាល ៣១គ្រាប់កាលពីរដូវកាល ២០១២-១៣ ជាមួយ Vitesse Arnhem។ ក្រោយមក Wilfried Bony ក៏បានផ្លាស់ទៅកាន់ English Premier League ជាមួយ Swansea City តម្លៃ ១២លានផោន និងស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួន ៧០ប្រកួត។ ឈានដល់ឆ្នាំ២០១៥ Wilfried Bony ក៏បានផ្លាស់ទៅកាន់ Manchester City ក្នុងតម្លៃ ២៨លានផោនមុននឹងត្រលប់មក Swansea វិញនៅឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ