ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) លោក Danny Danon បានច្រានចោលសន្និសីទមហាសន្និបាត ស្ដីពីបញ្ហារបស់ប៉ាឡេស្ទីនថា ជា «ការធ្វើពុត» ដោយបញ្ជាក់ថា អ៊ីស្រាអែលនឹងធ្វើពហិការកិច្ចប្រជុំនេះ ហើយព្រមានប្រទេសនានា ពាក់ព័ន្ធនឹងការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា នឹងមាន «ផលវិបាក»។
ក្នុងអំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការ UN នៅមុនសម័យប្រជុំកម្រិតខ្ពស់ ស្តីពីការអនុវត្តដំណោះស្រាយរដ្ឋ២ លោក Danon បានបញ្ជាក់ថា អ៊ីស្រាអែលមិនចូលរួមក្នុងការជជែកដេញដោលនេះនោះទេ ដោយចោទប្រកាន់អ្នកគាំទ្រការទទួលស្គាល់នេះថា ជា «ការគាំទ្រអំពើភេរវកម្ម ជាជាងការលើកកម្ពស់សន្តិភាព»។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងមិនចូលរួមក្នុងការធ្វើពុតនេះទេ។ យើងនឹងមិនចូលទៅក្នុងសាលមហាសន្និបាតទេ ហើយយើងមិនចូលរួមជាដាច់ខាត»។
គួរបញ្ជាក់ថា ប្រទេសបារាំងបានក្លាយជាមហាអំណាចនុយក្លេអ៊ែរប្រទេសលោកខាងលិចដំបូងគេ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកពីក្រុមប្រទេសទាំង៧ (G7) ដែលទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការ។ អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស បានប្រកាសការគាំទ្ររបស់ពួកគេកាលពីថ្ងៃអាទិត្យ។ ន័រវែស អេស្ប៉ាញ ព័រទុយហ្គាល់ និងអៀរឡង់ បានធ្វើដូច្នេះដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Danon បាននិយាយអំពីប្រជាជាតិដែលទទួលស្គាល់ប៉ាឡេស្ទីនថា៖ «ពួកគេមានអារម្មណ៍ថា ពួកគេកំពុងធ្វើអ្វីមួយ ប៉ុន្តែពួកគេមិនបានលើកកម្ពស់សន្តិភាពទេ។ ផ្ទុយទៅវិញ ពួកគេកំពុងគាំទ្រអំពើភេរវកម្ម»។ ហើយលោកបានសន្យាថា៖ «វានឹងមានផលវិបាក»៕

