អ៊ុយក្រែន៖ ស្ថានភាពនៅតំបន់ព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនពុំមានសញ្ញាថមថយឡើយ ទោះមានជំនួបជាច្រើនលើកកាលពីពេលថ្មីៗនៅខែនេះក៏ដោយ។ សហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែបន្តការព្រមានគ្នាទៅវិញទៅមក និងចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ជាក់ស្ដែងនៅសប្ដាហ៍នេះ វិមានក្រឹមឡាំងបានចង្អុលមុនក្រុងវ៉ាស៊ីនតោថា បានដុតបញ្ឆេះស្ថានភាពឲ្យកាន់តែតានតឹងពាក់ព័ន្ធវិបត្តិអ៊ុយក្រែន។

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកតែងគំរាម និងព្រមានរុស្ស៊ីដដែលលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលើលោក Putin ផ្ទាល់តែម្ដង ហើយថាបើរុស្ស៊ីបើកភ្លើងខៀវឲ្យឈ្លានពានអ៊ុយក្រែនមែននោះ រុស្ស៊ីនឹងជួបគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត។ កាលពីជំនួបកន្លងទៅតាមទូរស័ព្ទ លោកប្រធានាធិបតីរុស្ស៊ីក៏បានព្រមានលោកប្រធានាធិបតី Joe Biden ផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំង ២ អាចដួលរលំ ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ីព្រោះតែសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។ ខណៈភាពតានតឹងជាមួយអ៊ុយក្រែនកំពុងពុះកញ្ជ្រោលខ្លាំង ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយបេឡារុសនៅខែក្រោយ។

មុនសមយុទ្ធចូលមកដល់រុស្ស៊ីបានបញ្ជូនកងទ័ព និងយោទ្ធោបករណ៍ជាបណ្ដើរៗទៅកាន់ប្រទេសបេឡារុស្ស ដែលធ្វើឲ្យលោកខាងលិច និងសហរដ្ឋអាមេរិកបារម្ភកាន់តែខ្លាំងថា សកម្មភាពនោះនឹងនាំទៅរកការឈ្លានពានចូលអ៊ុយក្រែនយ៉ាងពិតប្រាកដ ទោះបីជារុស្ស៊ីបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្លួនគ្មានគម្រោងវាយប្រហារឬឈ្លានពានចូលអ៊ុយក្រែនទេយ៉ាងណាក៏ដោយ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន សហរដ្ឋអាមេរិកបានដឹកជញ្ជូនជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែន។ មិនមែនមានតែអាមេរិកទេ កាលពីសប្ដាហ៍មុនចក្រភពអង់គ្លេសក៏បានដឹកជញ្ជូនជំនួយយោធា ទៅកាន់ប្រទេសអ៊ុយក្រែនដែរ៕
អត្ថបទ៖ សុខមាន