ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានបន្តការអំពាវនាវរបស់លោក ឲ្យទីក្រុងវ៉ាស៊ីនតោនលុបចោលជាផ្លូវការនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់នៅក្រោមច្បាប់ Caesar ឆ្នាំ២០១៩ ខណៈពេលដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកដំបូងរបស់មេដឹកនាំស៊ីរី ក្នុងរយៈពេលជិត ៦ទសវត្សរ៍។
លោក Sharaa ដែលជាអតីតមេដឹកនាំក្រុមអាល់កៃដា បានដឹកនាំកងកម្លាំងឧទ្ទាមដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Bashar al-Assad កាលពីឆ្នាំមុន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបរូបលោក នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែឧសភា ហើយបានបញ្ជាឲ្យលុបចោលទណ្ឌកម្មភាគច្រើន ប៉ុន្តែច្បាប់ការពារជនស៊ីវិលស៊ីរី Caesar ឆ្នាំ២០១៩ អនុញ្ញាតឲ្យទណ្ឌកម្មទាំងនោះនៅតែជាច្បាប់របស់សហរដ្ឋអាមេរិកដដែល។
អំឡុងពេលថ្លែងនៅក្នុងកិច្ចប្រជុំនៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំ លោក Sharaa បាននិយាយថា ទណ្ឌកម្មដែលដាក់លើមេដឹកនាំស៊ីរីពីមុន លែងមានភាពត្រឹមត្រូវទៀតហើយ ហើយត្រូវបានប្រជាជនស៊ីរីមើលឃើញកាន់តែខ្លាំងឡើងថា ជាវិធានការកំណត់គោលដៅលើពួកគេដោយផ្ទាល់។
លោក Sharaa បាននិយាយថា៖ «យើងមានបេសកកម្មដ៏ធំមួយ ដើម្បីកសាងសេដ្ឋកិច្ច។ ស៊ីរីមានកម្លាំងពលកម្មចម្រុះ។ ពួកគេចូលចិត្តធ្វើការ វាស្ថិតនៅក្នុងហ្សែនរបស់ប្រទេសនេះ។ ដូច្នេះ កុំបារម្ភអី គ្រាន់តែលុបចោលទណ្ឌកម្ម នោះអ្នកនឹងឃើញលទ្ធផលជាមិនខាន»។
គួរបញ្ជាក់ថា លោគ Sharaa គឺជាប្រធានាធិបតីស៊ីរីដំបូងគេដែលបានចូលរួមក្នុងមហាសន្និបាតនេះ គិតចាប់តាំងពីឆ្នាំ១៩៦៧ ហើយរូបលោកត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថាដំបូងរបស់លោក នៅទីនោះដែលបើកសម័យប្រជុំលើកទី៨០ របស់ខ្លួននៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ។ កាលពីថ្ងៃចន្ទ លោក Sharaa ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅទីក្រុងញូវយ៉កផងដែរ។ យ៉ាងណាក្ដី លោកមិនបានឆ្លើយតបនឹងអ្នកសារកព័ត៌មានដែលសួរថា តើលោកមានសង្ឃឹមថា សហរដ្ឋអាមេរិក នឹងដកទណ្ឌកម្មនេះ ឬទេ៕

