រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា លោក និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) អំពីសារៈសំខាន់នៃការចូលរួមប្រកបដោយនិរន្តរភាព ដើម្បីធ្វើឲ្យមានវឌ្ឍនភាព ក្នុងវិស័យអាទិភាព។
កិច្ចប្រជុំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានកើតឡើងបន្ទាប់ពីមានចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការយកថ្លៃសេវាចំនួន ១០០.០០០ដុល្លារ សម្រាប់ទិដ្ឋាការ H-1B ថ្មី ដែលជាការប៉ះពាល់ចុងក្រោយបំផុត ចំពោះទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលភាគីទាំង២ បានព្យាយាមលើកកម្ពស់ ដោយសារក្ដីបារម្ភរួមគ្នា ពាក់ព័ន្ធនឹងប្រទេសចិន។
ដោយបង្ហោះនៅលើបណ្ដាញសង្គម X លោក Dr Jaishankar បានរៀបរាប់ថា លោក និងលោក Rubio បានពិភាក្សា អំពីបញ្ហាព្រួយបារម្ភទ្វេភាគី និងអន្តរជាតិ ហើយបានបន្ថែមថា ពួកលោក បានយល់ព្រមលើសារៈសំខាន់នៃការចូលរួមប្រកបដោយនិរន្តរភាព ដើម្បីដំណើរការលើវិស័យអាទិភាព»។
គួរបញ្ជាក់ថា ជំនួបរវាងលោក Rubio និងលោកបណ្ឌិត Jaishankar កាលពីថ្ងៃទី២២ ខែកញ្ញា គឺជាការជួបគ្នាលើកដំបូង ចាប់តាំងពីលោក Trump បានដាក់ពន្ធបន្ថែមលើប្រទេសឥណ្ឌា ជុំវិញការទិញប្រេងពីរុស្ស៊ី។ ពួកលោកបានជួបគ្នាលើកចុងក្រោយកាលពីខែកក្កដា ក្នុងការប្រជុំនៃក្រុមប្រទេស Quad ដែលនាំអ្នកទាំង២ មានវត្តមានរួមគ្នាជាមួយសមភាគីជប៉ុន និងអូស្ត្រាលី៕

