មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ចូលរាជធានីភ្នំពេញវិញជាបណ្តើរៗហើយ ហើយរូបភាពនេះគឺនៅចំណតរថយន្តក្រុងសួនឫស្សីកែវ ដែលបងប្អូនបានធ្វើដំណើរតាមរថយន្តក្រុងពីបណ្តាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
បញ្ជាក់ប្រាប់ BTV ពេលមកដល់ចំណតរថយន្តក្រុងសួនឫស្សីកែវ ពលរដ្ឋដែលបានជិះរថយន្តក្រុង បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយដែលបានជិះរថយន្តក្រុងដោយមិនអស់ថវិកា ហើយបានជិះរថយន្តក្រុង ពិតជាសុខសុវត្ថិភាព ក្រៅពីនេះថែមទំាងទទួលបានទឹកសុទ្ធផឹក ភេសជ្ជៈផឹកទៀតផង ហើយតៃកុងរួសរាយរាក់ទាក់ណាស់។ ពួកគាត់បន្ថែមថា បើពួកគាត់ជិះរថយន្តឈ្នួល ពួកគាត់នឹងត្រូវចំណាយថវិកាច្រើន ប៉ុន្តែផ្ទុយមកវិញពួកគាត់បានជិះរថយន្តក្រុងរបស់រាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញគឺបានសល់ថវិកាទំាងអស់ ពិតជាសប្បាយរីករាយណាស់ ក្នុងនេះពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ដែលបានគិតគូរសុខទុក្ខប្រជាពលរដ្ឋ។
ចំណែកអ្នកបើកបររថយន្តក្រុង២រូប បានប្រាប់ថា ពួកគាត់ក៏សប្បាយរីករាយដែរ ដែលបានដឹកបងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត និងបានត្រឡប់មកភ្នំពេញវិញដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។ ពួកគាត់បន្តថា ឃើញបងប្អូនប្រជាពលរដ្ឋ ពិតជាមានភាពសប្បាយរីករាយណាស់ ពិសេសបានឃើញប្រទេសជាតិមានភាពរីកចម្រើននៅគ្រប់ទីកន្លែងទំាងអស់ ក្នុងនេះពួកគាត់ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលតែងតែគិតគួរពីសុខ និងទុក្ខប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យទានម្តងៗ។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត និងត្រឡប់ពីស្រុកកំណើតវិញ ដែលមានរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០២៥ ក្នុងនោះរថយន្តក្រុងចំនួន១០០គ្រឿង ត្រូវរត់ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) ហើយរថយន្តក្រុងចំនួន៤៩៧គ្រឿងទៀត ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន៧គោលដៅ៕ អត្ថបទ៖ គង់ រ៉េន