អាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យ នៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានស្វែងរកស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ ដែលត្រូវបានហូរទៅតាមខ្សែទឹក ខណៈភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងបំណាក់ដីនៅទូទាំងតំបន់ Lombardy និង Piedmont ដោយជំរុញឲ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។
ស្ត្រីរូបនេះបានបាត់ខ្លួននៅក្នុងព្រែកតូចមួយនៅតំបន់ Spigno Monferrato ក្នុងខេត្ត Alessandria ជាកន្លែងដែលអ្នកពន្លត់អគ្គិភ័យ ២៧នាក់ គាំទ្រដោយយានដ្រូន និងឧទ្ធម្ភាគចក្រ ១គ្រឿង បានរុករកនៅតាមច្រាំងទន្លេ និងទំនប់នៅក្បែរនោះ។ នៅកន្លែងផ្សេងទៀត ព្យុះបានបង្កឲ្យមានការរំខានយ៉ាងខ្លាំង។
នៅក្នុងខេត្ត Como ក្រុមអ្នកពន្លត់អគ្គិភ័យបានជម្លៀសអ្នកស្រុកដែលជាប់នៅក្នុងផ្ទះសម្បែង និងរថយន្តនៅទីក្រុង Cabiate បន្ទាប់ពីទឹកទន្លេ Seveso បានហក់ឡើង ខណៈដែលបំណាក់ដី បានបិទផ្លូវរថភ្លើង Como-Chiasso។
នៅទីក្រុង Meda ក្រុមអ្នកជួយសង្គ្រោះ បានយោងម្តាយ និងកូនស្រីតូចរបស់គាត់ទៅកាន់ទីសុវត្ថិភាពពីផ្ទះដែលលិចទឹករបស់ពួកគេ។ ចំណែកនៅទីក្រុង Milan ក្រុមជួយសង្គ្រោះបានប្រើប្រាស់រថយន្តដែលចុះទឹកបាន ដើម្បីជម្លៀសកុមារប្រហែល ៣០០នាក់ដែលជាប់នៅក្នុងសាលារៀនក្នុងសង្កាត់ Niguarda៕

