ការខកចិត្តជាអន្តរជាតិកាន់តែខ្លាំងឡើងជាមួយអាមេរិក ជុំវិញសង្គ្រាមតំបន់ហ្កាហ្សា បានក្លាយជារឿងបើកចំហនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ក្នុងសប្តាហ៍នេះ ដោយសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បាននាំគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាការសាកល្បងដ៏សំខាន់មួយសម្រាប់គោលនយោបាយមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Donald Trump ។

បន្ទាប់ពីសន្យានៅដើមអាណត្តិទី២ ថានឹងបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសឱ្យបានឆាប់ ឥឡូវនេះការសន្យាបស់លោក Trump ហាក់មិនទាន់ចេញផ្លែផ្កានៅឡើយ ខណៈកងកម្លាំងអ៊ីស្រាអែលបង្កើនការវាយលុកលើតំបន់ហ្កាហ្សា ហើយលោក Trump នៅតែស្ទាក់ស្ទើរក្នុងការបង្កើនសម្ពាធលើអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ជិតស្និទ្ធបំផុតរបស់អាមេរិក។
លើសពីនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបើកការវាយប្រហារលើមេដឹកនាំក្រុមហាម៉ាសនៅកាតា កាលពីដើមខែនេះ ដោយមិនបានពិគ្រោះជាមួយលោក Trump ជាមុន។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលក៏វាយលុកជើងគោកនៅទីក្រុងហ្កាហ្សា ហើយអាមេរិកក៏មិនបានជំទាស់ ស្របពេលមានការរិះគន់ជាសកលចំពោះវិបត្តិមនុស្សធម៌នៅតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ។
ដោយមើលឃើញស្ថានភាពកាន់តែអាក្រក់ចំពោះជនជាតិប៉ាឡេស្ទីន ក្រុមសម្ព័ន្ធមិត្តអាមេរិក រួមទាំងចក្រភពអង់គ្លេស បារាំង កាណាដា និងអូស្ត្រាលី បានប្រឆាំងនឹងការព្រមានរបស់លោក Trump ហើយប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងការផ្លាស់ប្តូរការទូតយ៉ាងខ្លាំង។
អ្នកវិភាគខ្លះមើលឃើញថា ការដែលលោក Trump មិនព្រមប្រើអានុភាពរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីគាបលោក Netanyahu គឺសបញ្ជាក់ឱ្យឃើញថា ជម្លោះនេះ — ដូចជាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនដែរ— គឺស្មុគ្រស្មាញខ្លាំងជាងការគិតទៅទៀត។ អ្នកផ្សេងទៀតយល់ឃើញថា លោក Netanyahu កំពុងធ្វើសកម្មភាពដែលលោកចាត់ទុកជាផលប្រយោជន៍ផ្ទាល់ខ្លួន និងរបស់អ៊ីស្រាអែល ហើយថា សហរដ្ឋអាមេរិកក៏មិនអាចធ្វើអ្វីបានច្រើនដែរដើម្បីផ្លាស់ប្តូររឿងនេះ៕

