ទំព័រ Facebook របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់រដ្ឋបាលក្រុងបាងកក បានបង្ហោះឃ្លីបវីដេអូនៃការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ Vajira នៅថ្ងៃទី២៤ កញ្ញា នេះ វេលាម៉ោង ៧និង៨នាទីព្រឹក ។មានការជូនដំណឹងតាមរយៈកម្មវិធី LINE និងមជ្ឈមណ្ឌល Vajira អំពីការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira លើផ្លូវ Samsen ក្នុងរដ្ឋបាលស្រុក Vajiraphayaban សង្កាត់ Dusit របស់ប្រទេសថៃ។

មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះ Samsen បានទៅដល់កន្លែងកើតហេតុជាទីដែលពួកគេបានប្រទះឃើញការបាក់ផ្លូវដ៏ធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ រណ្ដៅនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងការប៉ះពាល់។
ដោយសារទុយោទឹកបែក ផ្លូវបានបាក់ស្រុត និងប៉ះពាល់ដល់ប្រព័ន្ធប្រើប្រាស់សាធារណៈ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងការរំខានការផ្គត់ផ្គង់ទឹកនៅតំបន់មួយចំនួន ហើយផ្លូវត្រូវបិទចាប់ពីផ្លូវបំបែកមន្ទីរពេទ្យ Vajira រហូតដល់ផ្លូវប្រសព្វ Sang Hi។
ទន្ទឹមនឹងនោះ មនុស្សម្នាក់នៅក្នុងមន្ទីរពេទ្យបានបង្ហោះរូបថតនៃហេតុការណ៍នេះ ដោយភ្ជាប់ជាមួយនឹងចំណងជើងថា មកជួបគ្រូពេទ្យ ដោយក្លាយជាជនរងគ្រោះនៃគ្រោះមហន្តរាយនេះ ។ ដីនៅមុខមន្ទីរពេទ្យបានបាក់ស្រុតស្ទើរតែទាំងអស់ ហើយបង្គោលភ្លើងមួយចំនួនបានដួលរលំ៕


