កំពង់ឆ្នាំង៖ លោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានបញ្ជាក់អោយដឹងថា ក្នុងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរជាតិមកកម្សាន្តប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះមានទេសចរណ៍អន្តរជាតិមានចំនួន ១៩៤នាក់ផងដែរ ។
លោកបានបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បានមកលេងតាមវត្តអារាម និងទីរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងសរុបប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤នាក់ផងដែរ។ កត្តាមានកំណើនភ្ញៀវកើនឡើងវិញបែបនេះ ដោយសារខេត្តកំពង់ឆ្នាំងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ជាពិសេសប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មិនមានជម្លោះផ្ទៃក្នុងផងនោះ បាននាំអោយទេសចរជាតិ អន្តរជាតិ បានកើនឡើងវិញគួរអោយកត់សម្គាល់។
ទោះជាភ្ញៀវទេសចរបានកើនឡើងក៏ពិតមែន ក៏ប៉ុន្តែមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅបានជំរុញអោយតាមសហគមន៍ និងរមណីដ្ឋាននានា ត្រូវយកចិត្តទុកដាក់លើសេវាកម្មទាំងម្ហូបអារហារ ការស្នាក់នៅ ផ្លូវធ្វើដំណើរ និងអនាម័យបរិស្ថានអោយបានល្អស្អាត ដោយត្រូវគិតគូរពីសុខសុវត្ថិភាព និងសុខុមាលភាពភ្ញៀវទេសចរជាដាច់ខាត ។ ចំណែកចំណតរថយន្ត ម៉ូតូ ក៏ត្រូវមានតម្លៃសមរម្យ មិនត្រូវយកថ្លៃលើសការកំណត់របស់មន្ទីរឡើយ៕ កាំង ហុងវាស្នា